(ព្រះសីហនុ)៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេច ប្រកាសបើកមន្ទីរសម្រាកព្យាបាល និងសម្ភព «សមុទ្រក្រុង» ឡើងវិញ ក្រោយប្រកាសបិទ កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត ផេង រិទ្ធី កើតថ្ងៃទី១៧-០៧-១៩៨៩ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បើកមន្ទីរសម្រាកព្យាបាលឯកជនមួយកន្លែងឈ្មោះ សមុទ្រក្រុង មានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវគ្មានលេខ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា លោក ផេង រិទ្ធី ត្រូវមានវត្ដមាន នៅក្នុងមន្ទីរសម្រាកព្យាបាល និងទទួលខុសត្រូវចំពោះមុខច្បាប់រដ្ឋនូវបទល្មើសផ្សេងៗ ដែលមានកើតមានឡើង នៅក្នុងមន្ទីរសម្រាកព្យាបាលឯកជនរបស់ខ្លួន។ ការផ្លាស់ប្ដូរបុគ្គលិកត្រូវសុំការអនុញ្ញាតពីក្រសួងសុខាភិបាល​។

សូមរំលឹកថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ​បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង ដែលមានទីតាំងស្ថិតនៅផ្លូវ៧០១ ភូមិ០៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ដោយមូលហេតុមិនមានការអនុញ្ញាត បើកមន្ទីរសម្រាកព្យាបាល៕