(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជើដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិចំនួន៥ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណវត្តព្រៃនប់។

លោក គួច ចំរើន បានថ្លែងថា មុនឈានដល់ការអភិវឌ្ឍន៍ ទទួលបានសន្តិសុខ សន្តិភាពពេញលេញ ចាំបាប់ត្រូវតែរៀបចំដីធ្លីឲ្យមានលក្ខណៈជាប្រព័ន្ធបានរៀបរយត្រឹមត្រូវ បើមិនដូចច្នេះទេវានឹងមានទំនាស់ បញ្ហារទៅមុខឥតឈប់ឈរ។

លោកបានឃើញតម្រូវការដ៏ចាំបាប់ និងបញ្ហាទាំងនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ស្វែងយល់ពីដំណើរការនៃការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិឃុំស្រុកទូទាំងខេត្តព្រះសីហនុទាំងមូល មានភាពឆាប់រហ័ស និងទទួលបានលទ្ធផលល្អ ដែលមិនទាន់មានចុះបញ្ជីរយកមកសិក្សា និងវិនិច្ឆ័យដើម្បីត្រួតពិនិត្យផ្ទាល់ និងថ្នាក់ក្រោមជាតិ ដោះស្រាយបញ្ហាប្រឈមនានា មុននឹងឈានដល់ការចុះបញ្ជីរជាប្រព័ន្ធ។

ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិឃុំ និងសង្គមជាតិរបស់យើងតាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់បន្ថយជម្លោះដីធ្លី នៅក្នុងខេត្តព្រះសីហនុ ដើម្បីឈានដល់ការសម្រេចចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ដោយស្របច្បាប់មិនមានជនខិលខូចណាមករំលោភបំពានបានឡើយ។

ក្នុងស្មារតីនេះលោកអភិបាលខេត្ត បានលើកឡើងថា បើគ្មានសុខសន្តិភាព គឺបងប្អូនគ្មានឱកាសនឹងទទួលបានទាំងការរស់នៅដោយសុខសន្តិភាព ការដើរហើរសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានឱកាសក្នុងការកាន់កាប់ គ្រប់គ្រងដីធ្លីផ្ទះសម្បែងដោយស្របច្បាប់បានឡើយ ទាំងនេះគឺជាការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរចំពោះប្រជាពលរដ្ឋដើម្បីទទួលបានបានកម្មសិទ្ធិប្រើប្រាស់ដីធ្លី ដោយស្របច្បាប់បញ្ជៀសបានពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។

លោកអភិបាលក៏បានបញ្ជាក់ថា ដើម្បីឲ្យការចុះវាស់វែងកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង៥ភូមិ រួមមាន ភូមិព្រៃនប់ ១ភូមិព្រៃនប់២ ភូមិព្រៃនប់៣ ភូមិបទសិរមាន់និងភូមិបែកក្រង់ ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់នេះឲ្យបានលឿនគឺទាមទារឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សហការជាមួយនឹងមន្ត្រីជំនាញ និងយកឯកសារពាក់ព័ន្ធគ្រប់គ្រាន់ដើម្បីបង្ហាញមន្ត្រីជំនាញដើម្បីឲ្យដំណើរការវាស់វែងនេះលឿន និងឆាប់ទទួលបានបានបណ្ណកម្មសិទ្ធិគ្រប់ៗគ្នា នៅមុនបំណាច់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះ។

ជាមួយគ្នានោះលោកអភិបាលខេត្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាខណៈពេលដែលក្នុងឆ្នាំ២០២៣ អត្រាមានករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់រហូតទៅដល់ជាង ១០០នាក់ អ្នករងរបួសរាប់រយនាក់ពិការភាព និងខូចខាតសម្ភារជាច្រើនទៀត និងសូមឱ្យបងប្អូនចូលរួមទប់ស្កាត់ការជួញដូរប្រើប្រាស់ចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបានទាន់ពេលវេលា៕