(ឧត្តរមានជ័យ)៖ អធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយរដ្ឋបាលសង្កាត់សំរោង និងគណៈគ្រប់គ្រងវិទ្យាល័យតេជោសែន សំរោង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ចុះធ្វើការអប់រំ ផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្សសរុបចំនួន ១.៧៧៧នាក់ និងបានបិទ និងចែកលេខទូរស័ព្ទនគរបាល សម្រាប់ទំនាក់ទំនងរាយការណ៍ផ្តល់ព័ត៌មានផងដែរ។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងថា ដើម្បីឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ អធិការដ្ឋាននគរបាលក្រុងសំរោង តែងចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យពួកគាត់ចូលរួមអនុវត្ត ក្នុងគោលបំណងឱ្យមូលដ្ឋានរបស់ពួកគាត់មានសុខសុវត្ថិភាព។

លោកអធិការក្រុងសំរោងបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះស្របពេលដែលនៅតាមគ្រឹះស្ថានសិក្សាបានបើកបវេសនកាលសិស្សានុសិស្សបានចូលរៀនវិញនោះ គឺជាឱកាសល្អនៃការជួបជុំគ្នា ដូច្នេះអធិការនគរបាលក្រុងសំរោង បានសហការជាមួយសង្កាត់សំរោង និងវិទ្យាល័យតេជោសែនសំរោង បានចុះអប់រំផ្សព្វផ្សាយដល់ពួកគាត់ឱ្យមានការយល់ដឹងពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច។

លោកអធិការថ្លែងបញ្ជាក់ទៀតថា ការផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់សិស្សានុសិស្សនៃវិទ្យាល័យតេជោសែនសំរោងនាពេលនេះ គឺក្រុមការងារបានផ្សព្វផ្សាយដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ច្បាប់ និងផលប៉ះពាល់ នៃការប្រើប្រាស់សារធាតុញៀន, ច្បាប់ អនុក្រឹត្យ ផលប៉ះពាល់ មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍ និងទោសទណ្ឌដែលល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបម្រើសេវា សៀវភៅស្នាក់ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណផងដែរ៕