(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈផឹកស្រាស្រវឹងប្រើហិង្សា ដោយយកកំបិតចាក់ទៅលើឪពុកបង្កើត រហូតដល់រងរបួសធ្ងន់កាលពីវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី១៣ ខែធ្នួ ឆ្នាំ២០២៣ នៅចំណុចភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ជា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ចំណែកឪពុករងគ្រោះមានឈ្មោះ សុខ សេន អាយុ៦០ឆ្នាំ ដោយរងរបួសត្រូវស្មា ត្រូវគ្រូពេទ្យ ដេរអស់ជាច្រើនថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង។

ក្រោមបញ្ជាផ្ទាល់ពីលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ កម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដឹកនាំដោយលោក ប៉ិក វណ្ណារឿត មេបញ្ជាការរងស្រុក បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនមកសាកសួរ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារ ជនសង្ស័យជាកូនបានផឹកស្រាស្រវឹងជោគហើយមានទាស់ពាក់សម្ដីជាមួយឪពុក ក៏ឈានដល់ប្រើហិង្សាតែម្ដង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមច្បាប់៕