(កណ្តាល)៖ លោក ហួត សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជាប្រចាំ ចំនួន២២ខ្សែ ប្រវែងសរុប ១០៩.៥២ គីឡូម៉ែត្រ នៅខេត្តកណ្តាល និងបានឯកភាពទទួលយកលទ្ធផលការងារថែទាំផ្លូវប្រចាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្តាល១០០%។

ពិធីនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល និងមន្រ្តីបច្ចេកទេសរបស់មន្ទីរ។

លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានរាយការណ៍ជូនគណៈប្រតិភូរអន្តរក្រសួងជ្រាបថា មន្ទីរបានអនុវត្តន៍ដោយយកចិត្តទុកដាក់ និងប្រកបដោយសារតីទទួលខុសត្រូវ តាមបទដ្ឋានបច្ចេកទេស និងសម្រេចបានលទ្ធផលដូចខាងក្រោម៖ ការថែទាំផ្លូវប្រចាំ សរុបចំនួន ២២ខ្សែ ប្រវែងសរុប ១០៩.៥២ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលក្រួសក្រហម ប្រវែង ៣៣.៣៣គីឡូម៉ែត្រ  ផ្លូវក្រាលខ្សាច់ស ប្រវែង៥៣.២គីឡូម៉ែត្រ និងផ្លូវក្រួសភ្នំប្រសិទ្ធ ប្រវែង២២.៩៥គីឡូ ម៉ែត្រ ផ្លូវទាំងនេះស្ថិតក្នុងឃុំអន្លង់រមៀត ឃុំឈ្វាំង ឃុំបាគូរ ឃុំព្រែកឬស្សី ឃុំជ័យធំ ឃុំកោះចូរ៉ាម ឃុំសំរោងលើ ឃុំបឹងខ្យាង ឃុំកំពង់ចំលង ឃុំត្បែង ឃុំសន្លុង ឃុំលំហាច ឃុំកំពង់ភ្នំ ឃុំដើមឬស ឃុំព្រៃពួច ឃុំក្រាំងម្កាក់ ឃុំទំនប់ធំ ឃុំភ្នំបាត ឃុំត្រពាំងវែង ឃុំពើក និងស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឭ ស្រុកលើកដែក ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ តាមបទដ្ឋានបច្ចេកទេស ការងារថែមគ្រួសក្រហម ខ្សាច់ស និងគ្រួសភ្នំប្រសិទ្ធ សម្រេចលទ្ធផលបាន១០០% ការងារកៀសំអាតស្មៅជើងទេ សម្រេចលទ្ធផលបាន ១០០%។

លោក ហួត សារឹម បានសម្តែងការកោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់ក្រសួង ក្នុងការបំពេញកិច្ចការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក ១០០% ចំពោះលទ្ធផលថែទាំផ្លូវប្រចាំទាំង២២ខ្សែនេះ។

ទន្ទឹមនេះ លោកអនុរដ្ឋលេខាធិការ ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក សូមចូលរួមសហការថែរក្សាផ្លូវឲ្យបានល្អប្រសើរ ទប់ស្កាត់ការដឹកលើសទម្ងន់ ជួយណែនាំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ កុំចាក់ដីខ្ពស់ជាងផ្លូវ ត្រូវចាត់ទុកផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន ជាផ្លូវរបស់ខ្លួន និងសូមចូលរួមគោរពច្បាប់ចរាចរ ផ្លូវគោកទាំងអស់គ្នា៕