(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញប្រគល់រង្វាន់ដល់សិស្សទទួលបានជ័យលាភីនិទ្ទេស A ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។ 

ពិធីនេះមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងក្រុមហ៊ុន​ សប្បុរសជន​ លោកអភិបាលក្រុង-ស្រុកទាំង៧ លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង-ស្រុកទាំង៧ លោកនាយកវិទ្យាល័យដែលសិស្សានុសិស្សទទួលបាននិទ្ទេស A ចំនួន២០នាក់ ក្នុងនោះ (សិស្សចំណេះទូទៅ១៦នាក់ និងសិស្សបច្ចេកទេស៤នាក់)។

អភិបាលខេត្តបានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត សូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង១៦រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងសិស្សានុសិស្សនិទ្ទេស A ចំនួន ៤រូប នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។

តាមរយៈលទ្ធផលប្រឡងនៅខេត្តរបស់យើងក្នុងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណជិត ៨០% ទទួលបាននិទ្ទេស A ចំនួន ១៦នាក់ និងជាលើកទី១ផងដែរ​ ក្នុងឆ្នាំនេះ ដែលសិស្សមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ទទួលបាន និទ្ទេស A ចំនួន ៤នាក់។  

លោកបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។

លោកបានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតជាពិសេសត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គមជាតិ។ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។

បន្ថែមលើសពីលោកអភិបាលខេត្តបានជំរុញដល់សិស្សានុសិស្សត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួននិងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង «បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ឲ្យបានត្រឹមត្រូវ»

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង២០នាក់ (សិស្សចំណេះទូទៅ១៦នាក់ និងសិស្សបច្ចេកទេស០៤នាក់) ដោយម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៤ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១ និងថវិកា ២០០,០០០ រៀល។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០រៀល និងនាយកសាលាទាំង១១ ម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕