(ភ្នំពេញ)៖ លោក សោម សូរីដា សមាជិកគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី បានអះអាងថា បើទោះបីជាថ្នាក់ដឹកនាំ គ.ជ.ប អាណត្តិថ្មីនេះ មានសមាសភាពមកពីគណបក្សនយោបាយចំនួន២ ដែលមានកៅអីក្នុងរដ្ឋសភាក៏ដោយ ប៉ុន្តែរាល់ការអនុវត្តរបស់ គ.ជ.ប អត់មានការសម្រេចដោយបុគ្គលណាម្នាក់នោះទេ ពោលគឺធ្វើយ៉ាងរក្សាឱ្យបានអព្យាក្រឹតភាព យុត្តិធម៌ នៅក្នុងរៀបចំការបោះឆ្នោត។

ការអះអាងបែបនេះរបស់សមាជិក គ.ជ.ប អាណត្តិថ្មីនេះ បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពីធីប្រកាសឱ្យកាន់តំណែងប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ថ្មី ចំនួន៩រូប នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក សោម សូរីដា បានបញ្ជាក់ថា៖ «គ.ជ.ប បច្ចុប្បន្ន ក៏ដូចជា គ.ជ.ប កន្លងមក គឺនៅតែជា គ.ជ.ប ដែលប្រកាន់នូវការអនុវត្ត គោរពទៅតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មាធិការជាតិរៀចំការបោះឆ្នោត និងច្បាប់ទាំង៤ ស្តីពីការបោះឆ្នោត […] ខ្ញុំបានបញ្ជាក់អញ្ចឹងឯករាជ្យភាព អព្យាក្រឹតភាពរបស់ស្ថាប័ន គ.ជ.ប គឺសំដៅលើការគោរព និងការអនុវត្តច្បាប់»។

លោក សោម សូរីដា បានឱ្យដឹងថា បានសម្រាប់ គ.ជ.ប នៅតែបញ្ជាក់ជំហរដដែល គឺការគោរព និងអនុវត្តន៍ច្បាប់នេះហើយ គឺជាការតម្រង់ទិស គ.ជ.ប ហើយធានានូវអព្យាក្រឹតភាពរបស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតឱ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងពិសេសការគោរពទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ សម្រាប់នីតិវិធីររបស់ គ.ជ.ប រៀបចំឡើងដោយផ្អែកលើច្បាប់ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការសមាសភាព គ.ជ.ប ដែលមកពីគណបក្សនយោបាយមានសំលេងក្នុងរដ្ឋសភាចំនួន២បក្ស, លោកបានបន្ថែមថា៖ «សម្រាប់បទពិសោធន៍ការងាររបស់ គ.ជ.ប ជាទូទៅទោះបីសមាសភាព គ.ជ.ប មកពីមជ្ឈដ្ឋានណាក៏ដោយ គឺ គ.ជ.ប អនុវត្តន៍កិច្ចការរបស់ខ្លួន ប្រកបដោយភាពរលូន ហើយពិសេស គឺការធ្វើឱ្យមានសុខដុមនីយកម្ម ក្នុងការអនុវត្តកិច្ចការរបស់ខ្លួន»។

លោកបានគូសបញ្ជាក់ថា៖ «ដូច្នេះ រាល់ការអនុវត្តរបស់ គ.ជ.ប គឺជាការអនុវត្តមួយ មានលក្ខណៈជាគណៈកម្មាធិការ អញ្ចឹងរបបគណៈកម្មាធិការ គឺអត់មានការសម្រេចដោយបុគ្គលណាម្នាក់នោះទេ អ្វីដែលជាបទពិសោធន៍ល្អសម្រាប់ការអនុវត្តនៅក្នុងស្ថាប័នជាតិ គឺនឹងបន្តអនុវត្តន៍ ហើយនឹងពង្រឹងការអនុវត្តនេះឱ្យកាន់តែល្អប្រសើរឡើង»

លោក សោម សូរីដា បានអះអាងថា គ.ជ.ប តាំងចិត្តគោរព និងអនុវត្តន៍ច្បាប់ សម្រាប់ការអនុវត្តច្បាប់មានប្រជាពលរដ្ឋភាគច្រើនទទួលយក ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏មិនអាចបំពេញចិត្តមនុស្សគ្រប់រូបបាននោះទេ។ ដោយឡែកសម្រាប់ការលើកឡើងពីចំណុចខ្វះខាតមួយចំនួនមកលើស្ថាប័ន គ.ជ.ប កន្លងមកនេះពីសំណាក់អ្នកវិភាគ និងអ្នកនយោបាយ អាចបញ្ជាក់ថា កម្ពុជា បានអនុវត្តន៍នូវសង្គមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិបានគ្រប់គ្នា។

សម្រាប់លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី បានប្តេជ្ញាបន្តដឹកនាំស្ថាប័ន គ.ជ.ប ក្នុងការបំពេញតួនាទី ភារកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតតាមការកំណត់នៃច្បាប់ ឱ្យកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សំដៅធានាឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងបង្កើនការជឿទុកចិត្តពីសំណាក់ម្ចាស់ឆ្នោត និងភាគីពាក់ព័ន្ធនានា។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។

សមាសភាពក្បាលម៉ាស៊ីន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នៃនីតិកាលទី៧ រដ្ឋសភា ទាំង៩រូបនោះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ជាប្រធាន, លោក ជឺ ចំណាន ជាអនុប្រធាន និងមានសមាជិក៧រូបទៀត គឺ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាដើម។

សមាសភាពក្បាលម៉ាស៊ីនគ.ជ.បថ្មីទាំងនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕