(ភ្នំពេញ)៖ លោក អ៊ុន ទឹម អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួង តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងអង្គពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តថវិកាផ្សារភ្ជាប់សមិទ្ធិកម្ម។

អង្គសិក្ខាសាលាខាងលើនេះ រៀបចំរយៈពេលពីរថ្ងៃគឺថ្ងៃទី១៤-១៥ ធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ អង្គភាព មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត និងមន្រ្តីជំនាញសរុបប្រមាណ ១៣០រូប។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលា លោក អ៊ុន ទឹម បានឲ្យដឹងថា អង្គសិក្ខាសាលានេះអាចចាត់ទុកជាជាការបើកទំព័រថ្មីបន្ទាប់មួយទៀត ក្នុងការបោះជំហានទៅមុខនៃការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ គឺផ្តោតទៅលើគណនេយ្យភាពសមិទ្ធិកម្ម។ លោកបានបន្តថា នេះគឺជាការចូលរួមយ៉ាងសកម្ម នៅក្នុងការដ្ឋាននៃការកែទម្រង់នានា របស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណអាណត្តិទី៧ ហើយវិស័យបច្ចេកវិទ្យាព័ត៌មានក៏កំពុងដើរតួនាទីគន្លឹះ ក្នុងការគាំទ្រ និងធានាដល់ចលនាជីវភាព និងចីរភាពនៃដំណើរការកែទម្រង់ទាំងនោះផងដែរ។

លោកមានជំនឿជាក់ថា សិក្ខាសាលានេះនឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាព ចំណេះដឹងជូនដល់គ្រូបង្គោលជំនាញថវិកា ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី ការកំណត់សូចនាករ ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកាឱ្យចំកម្មវិធីនិងគោលដៅអាទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកានិងរៀបចំសូចនាករសមិទ្ធិកម្មគន្លឹះ៕