(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងជាមួយនឹងអង្គការក្តីសង្ឃឹម ដែលជាអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពី លោក សួង ម៉េងទ្បុង រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចតំណាងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងសង្គមកិច្ច។

ថ្លែងនៅក្នុងពិធីនោះ លោក សួង ម៉េងទ្បុង បានថ្លែងស្វាគមន៍ អង្គប្រជុំ និងថ្នាក់ដឹកនាំអង្គការ ដែលមាន កិច្ចសហប្រតិបត្តិការល្អ ជួយដល់វិស័យសង្គមកិច្ច និងឧបត្ថម្ភគាំទ្រ ដល់កុមារក្រីក្រ កុមារងាយរងគ្រោះ និងគ្រួសារក្រីក្រក្នុងសហគមន៍ អោយទទួលបាន ការរស់នៅសមរម្យ និងការសិក្សានៅសាលាឯកជន ឬតាមសាលារដ្ឋ។

លោក សួង ម៉េងទ្បុង បានលើកឡើងថា គោលដៅរបស់អង្គការក្តីសង្ឃឹម គឺផ្តល់ការអប់រំចំណេះដឹងទូទៅ ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា សម្រាប់កុមារក្នុងសហគមន៍ពេញ១ថ្ងៃ, ជួយឧបត្ថម្ភកុមារកំពា្រជាប្រាក់ប្រចាំខែ, ផ្តល់ឱកាសការងារដល់ប្រជាជននៅក្នុងសហគមន៍ដោយបញ្ជូនទៅបណ្តុះបណ្តាលការងារដើម្បីមកបំពេញ ការងារនៅអង្គការ។

ការចុះអនុស្សារណៈរវាងក្រសួងសង្គមកិច្ច និងអង្គការក្តីសង្ឃឹមនាពេលនេះ គឺជាគម្រោង ដែលមានថវិកាអនុវត្តរយៈពេល៣ឆ្នាំសរុប ១១៤ ៣០០ ដុល្លារអាមេរិក។

គួរបញ្ជាក់ថា អង្គការក្តីសង្ឃឹមដ៏ធំ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ បានចុះកិច្ចព្រមព្រៀងគម្រោង រវាងអង្គការជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពីមុន។

បច្ចុប្បន្នអង្កការនេះ បានស្នើសុំបន្តចុះកិច្ចព្រមព្រៀងគម្រោង ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជាថ្មីទៀតដែលមានឈ្មោះគម្រោង «សាលារៀនបេះដូងសម្រាប់វិជ្ជា» តាមរយៈលិខិតលេខ ១៥១៨ កសធចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣៕