(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសតែងតាំងមន្ត្រី៤រូប ជាប្រធានចូលកាន់តំណែងជាប្រធានមណ្ឌលសុខភាព និងមន្ត្រី១៣រូបទៀត ក្នុងរចនាសម្ព័ន្ធមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម និងបានប្រកាសបញ្ចប់មុខតំណែងមន្ត្រី១រូប ចេញពីអនុប្រធានមណ្ឌលសុខភាពដូនធីផងដែរ។

ពិធីប្រកាសនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណិតទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណ: អភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីដែលទើបតែបានប្រកាសឲ្យចូលកាន់មុខតំណែងថ្មី សូមឱ្យយកចិត្តទុកដាក់ធ្វើការងារ ក្នុងការបម្រើសេវាសុខភាពដល់ប្រជាពលរដ្ឋឲ្យបានល្អ ស្របទៅតាមការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ និងអនុវត្តការងារឱ្យស្របទៅតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលផងដែរ។

លោកអភិបាលខេត្ត សូមឱ្យប្រធានមណ្ឌលសុខភាពទាំង៤រូប សូមបញ្ចូលនូវស្មារតីសាមគ្គីភាព ដែលការដឹកនាំដោយមានគុណធម៌នៅក្នុងចិត្ត ទើបអង្គភាពមានការរីកចម្រើន និងទទួលបានជោគជ័យលើភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៥គឺ៖ 

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ
ខែវិច្ឆិកា និងទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។

*ទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តកំពង់ចាម។

*ទី៥៖ បញ្ហាផ្សេងៗ៕