(ភ្នំពេញ)៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានដឹកនាំដោយលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកត្តិយស រួមនិងលោកស្រីជាថ្នាក់ដឹកនាំបាននាំយកនូវអង្ករវីតាមីនចំនួន ៣០០កេស និងត្រីខ ៥០០កំប៉ុង ទៅផ្តល់ជូនមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយដល់តំរូវការនៃអ្នកជំងឺស្នាក់អាស្រ័យព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

លោក សាស្រ្តាចារ្យ វេជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា មន្ទីរពេទ្យកាល់ម៉ែត បានមួយដែលមានវ័យចំណាស់ជាងគេក្នុងវិស័យសុខាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃ ប្រមុខរាជរដ្ឋាភិបាល ដែលតែងបានយកចិត្តទុកដាក់លើសុខមាលភាពប្រជាពលរដ្ឋគ្រប់ពេលវេលា មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីពេទ្យសាធារណៈរបស់រដ្ឋមួយដ៏ធំក្នុងការទទួលពិនិត្យព្យាបាលជំងឺទូទៅ និងថែទាំសុខភាពជូនប្រជាពលរដ្ឋ។

លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត គង់ សន្យា បានបន្ថែមទៀតថា ដោយមើលឃើញអំពីតម្រូវការនៃការព្យាបាលជំងឺ តម្រូវការផ្នែកសុខភាពសាធារណៈ និងបង្កើតឱ្យទៅជាមន្ទីរពេទ្យមួយប្រកបដោយស្តង់ដា នោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ជូននូវអគារថ្មីនៃមន្ទីរពេទ្យកាល់ម៉ែត ដែលប្រសិទ្ធនាមថា «អគារតេជោ អភិវឌ្ឍន៍» នៃមន្ទីរពេទ្យកាល់ម៉ែត បានសាងសង់ឡើងក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៧០លានដុល្លារ និងបំពាក់ដោយឧបករណ៍បំពាក់សម្រាប់បម្រើការព្យាបាលសុខភាពប្រកបដោយស្តង់ដាអន្តរជាតិ ទៅតាមរោគវិនិច្ឆ័យនីមួយៗនៃប្រភេទជំងឺ។ កន្លងមក ឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋលើការពិនិត្យព្យាបាលអ្នកជំងឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត តែងតែបានដោះស្រាយយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ហើយមិនតម្រូវឱ្យអ្នកជំងឺដែលមានជីវភាពខ្វះខាត ប្រជាពលរដ្ឋក្រីក្រដែលប្រើប្រាស់បណ្ណសមធមឱ៌បង់កម្រៃលើការពិនិត្យព្យាបាលនោះឡើយ។

ជាការពិតណាស់ មន្ទីរពេទ្យកាល់ម៉ែត មានតួនាទីសំខាន់ក្នុងការសង្រ្គោះព្យាបាល ថែទាំ និងធ្វើឱ្យប្រសើរចំពោះ សុខមាលភាពសាធារណៈ។ យ៉ាងណាមិញ ការផ្តល់ជូនអង្ករវីតាមីនចំនួន ៣០០កេស និងត្រីខកំប៉ុង នាឱកាសនេះ គឺពិតជាបានជួយសម្រួល យ៉ាងសំខាន់សម្រាប់បំពេញតម្រូវការរបស់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាវេជ្ជបណ្ឌិត មន្រ្តីសុខាភិបាល និងបងប្អូនដែលកំពុងសម្រាកព្យាបាល និងទទួលសេវាពិនិត្យជំងឺនៃមន្ទីរកាល់ម៉ែត សូមឱ្យមានសុខភាពល្អ ឆាប់ធូស្បើយអំពីរោគាផ្សេងៗ ដើម្បីស្នាមញញឹមនៃមហាគ្រួសារខ្មែរតែមួយ។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចេញដំណើយ៉ាងស្វាហាប់ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដូចគ្នានេះដែរ ការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋគឺជារឿងចាំបាច់ សំខាន់ និងមិនអាចខ្វះបានសម្រាប់ជីវិតប្រចាំថ្ងៃ។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ជម្រាបជូនដល់ប្រជាពលរដ្ឋទូទៅ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព។ កត្តាដែលសំខាន់នោះ គឺការរស់នៅ ដោយប្រកាន់យកការរស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ បញ្ហាសុខភាព គឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។

លោកស្រី ទុយ សិរីរតនៈ បានបន្តទៀតថា បើទោះបីជាការផ្តល់ជូនអង្ករវីតាមីន នេះមានកម្រិតតិចតួចមិនទាន់អាចឆ្លើយតបតម្រូវការរបស់មន្ទីរពេទ្យកាល់ម៉ែត យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ ការផ្តល់ជូននេះអាចចូលរួមចំណែកលើកង្វះខាតនៃមន្ទីរពេទ្យបានមួយរយៈពេលផងដែល ម្យ៉ាងទៀត សាខាសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាននឹងបន្តកិច្ចសហការណ៍ជួយដល់មន្ទីរពេទ្យកាល់ម៉ែតបន្ថែមទៀត៕