(ចិន)៖ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងអន្តរក្រសួង-ស្ថាប័ន អញ្ជើញមកពីក្រសួងមហាផ្ទៃ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលរួមប្រជុំកិច្ចប្រជុំលើកទី៨ របស់គណៈកម្មការរួមសម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃបណ្ដាប្រទេសមហាអនុតំបន់មេគង្គ។

កិច្ចប្រជុំនេះដឹកនាំជាសហប្រធានដោយលោក LI Yang អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក Zhou Aiming នាយករងបេសកកម្មទទួលបន្ទុក នៃធនាគារអភិវឌ្ឍន៍អាស៊ី។

កិច្ចប្រជុំគណៈកម្មការរួមលើកទី៨ បានអនុម័តសម្រេចនូវឯកសារមួយចំនួនដូចជា៖ របាយការណ៍របស់ឧត្តមមន្ត្រី នៃគណៈកម្មាធិការជាតិសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន (NTFC-SOM) ដែលបានជំរុញលទ្ធផលការងារឱ្យដំណើរការទៅមុខ បន្ទាប់ពីខកខានដោយសារការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្រោយពីមានកិច្ចប្រជុំលើកទី៧ ដែលកម្ពុជាជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០១៩ ។ ផែនការ និងកាលវិភាគការងារសម្រាប់ឆ្នាំ២០២៤-២០២៨ (CBTA Work Plan 2024-2028) ដើម្បីបន្តនិរន្តរភាពការងារ CBTA។ សេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំលើកទី៨ របស់គណៈកម្មការរួមសម្រាប់កិច្ចព្រមព្រៀង សម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្នុងក្របខ័ណ្ឌមហាអនុតំបន់មេគង្គ៕