(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក COLCOMBET Régis នាយក នាយកដ្ឋានសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិ ក្រសួងកិច្ចការអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង បានលើកឡើងថា បារាំងនឹងបន្ថែមកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរៀបចំវគ្គសិក្សាដល់មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូក្នុងតំបន់ និងអាស៊ាន។

កាលើកឡើងបែបនេះ របស់មន្ត្រីជាន់ខ្ពស់រ​បស់ក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង បានធ្វើឡើងក្នុងជំនួបសវនការ និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានមកដល់របស់ប្រតិភូនៃសាធារណរដ្ឋបារាំង។ តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ បារាំង បានផ្តល់ការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស លើផ្នែករក្សាសន្តិភាព នាយទាហានសេនាធិការ សង្កេតការណ៍យោធា ។ល។ មកដល់ពេលនេះបានចំនួន៨៤វគ្គ ហើយសិក្ខាកាមទាំងអស់សុទ្ធតែបានចេញបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ក្រោមកិច្ចខិតប្រឹងប្រែងសហការគ្នាជាមួយទីប្រឹក្សាបារាំងប្រចាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព យើងកំពុងរៀបចំយុទ្ធសាសន៍បង្កើនថ្នាក់សិក្សាភាសាបារាំងឱ្យបានច្រើន ដើម្បីជំរុញសិក្ខាកាមពេលរៀនចប់ទៅកាន់តំបន់បេសកកម្ម។

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសំណូមពរដល់ភាគីបារាំង បន្តជួយជ្រោមជ្រែងដល់កងយោធពលខេមរភូមិន្ទ ជាពិសេសផ្នែកបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនកម្រិតវគ្គហ្វឹកហ្វឺនជាលក្ខណៈត្រីភាគីផងដែរ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏ស្នើរដល់ភាគីបារាំងផ្តល់សម្ភារសិក្សា ដើម្បីបំពាក់នៅអាគារសិក្សាថ្មី ដែលនឹងបញ្ចប់ការសាងសង់នាពេលខាងមុខនេះ។

ឧត្តមសេនីយ៍ឯក COLCOMBET Régis បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍ប្រកបដោយកិត្តិយស និងកក់ក្តៅជាទីបំផុត។

លោកបានទទួលយកសំណើរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដោយរីយរីករាយ។ លោកក៏បានសំណូមពរដល់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីពង្រឹកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់ល្អប្រសើរបន្ថែមទៀត៕