(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះជួបសួរសុខទុក្ខ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១០០នាក់ ដែលកំពុងប្រកបអាជីវកម្មជីកជន្លេនលក់ នៅភូមិស្វាយដំណាក់ចាស់ ស្វាយដំណាក់ថ្មី ភូមិបង្កើនផល ភូមិត្រពាំងទន្ទឹម និងភូមិទួលរវៀង ឃុំរមណី។

នៅក្នុងឱកាសនេះដែរ លោក ហោ ប៊ុនហួរ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ពិសេសបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងមានជីវភាពខ្វះខាត។

លោក ហោ ប៊ុនហួរ បានប្រាប់ប្រជាពលរដ្ឋពីការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ខុប្បន្ន ក្រៅពីធ្វើឲ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស គឺបានធ្វើឲ្យសមិទ្ធិផលកើតឡើងជាហូរហែ ដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ជាដើម។

លោក ហោ ប៊ុនហួរ ក៏បានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋយើង ត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលមានសព្វថ្ងៃ ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍរីកចម្រើន គ្រប់វិស័យថែមទៀត ពិសេសមិនត្រូវជឿតាមការញុះញុងណាមួយរបស់ជនឫក្រុមអគតិដែលមានបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជានោះទេ។

ស្ថិតក្នុងបរិយាកាសរីករាយនេះដែរ លោកក៏បានឧបត្ថម្ភថវិកា និងអាវរងារដល់ប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ៕