(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ក៏បានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឲ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួន៧ រួមមាន៖ ១៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៥ ឆ្នាំទី៥ អាណត្តទី៣ របស់ក្រុមប្រឹក្សាខេត្ត, ២៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត, ៣៖ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត, ៤៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦, ៥៖ ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិនកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧, ៦៖ របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត និង៧៖ បញ្ហាផ្សេងៗ។

លោក ខូយ រីដា អភិបាលខេត្ត បានលើកឡើងថា ចំពោះបញ្ហាគ្រឿងញៀន ករណីគ្រោះថ្នាក់ចរាចរណ៍ និងអំពើហឹង្សា មិនគួរឲ្យកើតមាននោះទេ ត្រូវរៀបចំនូវយន្តការជាក់ស្តែង អំពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ កិច្ចការទាំងនេះ សូមឲ្យស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តប្រតិបត្តិការបង្រ្កាបរុករក ស្រាវជ្រាវទីតាំងជួញដូ​រចែកចាយគ្រឿងញៀន និងបុគ្គល ដែលគ្មានមុខរបរច្បាស់លាស់ ជាពិសេសអ្នកដែលទើបចេញពីពន្ធនាគារ។ ក្រៅពីនោះទៀត សូមឱ្យរដ្ឋបាលស្រុក ក្រុង មន្ទីរអង្គភាព ត្រូវខិតខំបំពេញតួនាទី ភារកិច្ច ទាំងការបម្រើសេវា និងទាំងការដោះស្រាយករណីផ្សេងៗ ជៀសវាងការកកស្ទះ ជាហេតុនាំឱ្យមានការថ្នាំងថ្នាក់មកលើរដ្ឋបាលខេត្ត។

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការបូកសរុប និងឯកភាពទាំងស្រុង នូវមតិដែលបានលើកឡើង និងបានផ្តល់នូវអនុសាសន៍បន្ថែម ស្នើឱ្យមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធ ពិសេសអាជ្ញាធរស្រុក ក្រុង បន្តយក​ចិត្តទុកដាក់ជម្រុញ អប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងយុវជន អំពីគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងវិធានការនានា របស់រាជរដ្ឋាភិបាល។

លោកបានលើកឡើងទៀតថា កងកម្លាំងប្រដាប់អាវុធទាំង៣ និងរដ្ឋបាលស្រុកក្រុង បន្តត្រួតពិនិត្យលើបញ្ហាអំពើហឹង្សា គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ គ្រោះថ្នាក់រាចរណ៍ និងយកចិត្កទុកដាក់ លើបញ្ហាអនាម័យ តាមទីសាធារណៈ ព្រោះវាជាចំណែកមួយដ៏សំខាន់ដែលធ្វើឲ្យខេត្តមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ត។ ជាមួយគ្នានោះ ត្រូវសហការចុះតាមមូលដ្ឋាន ដើម្បីស្ទង់ និងប្រមូលបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកើតមាន យកមកដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ នៅចំពោះមុខរដ្ឋបាលខេត្ត នឹងរៀបចំសន្និបាតបូកសរុបប្រចាំឆ្នាំ និងនៅមានកម្មវិធីបុណ្យជាច្រើនទៀត ដូច្នេះសូមឲ្យមន្ទីរអង្គភាព រដ្ឋបាលស្រុកក្រុង ចូលរួមសហការអនុវត្តឲ្យទទួលបានជោគជ័យ៕