(សិង្ហបុរី)៖ បន្ទាប់ពីមានជំងឺនៅអំឡុងពេលធ្វើសន្ទរកថា ក្នុងពិធីជួបជុំប្រារព្ធបុណ្យជាតិ នាថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពជាបន្តបន្ទាប់ នៅមន្ទីរពេទ្យ Singapore General Hospital កាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះផងដែរ។ នេះបើតាមការិយាល័យនាយករដ្ឋមន្ត្រី (PMO) ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ។
«លោកនាយករដ្ឋមន្ត្រី បានទទួលរងជំងឺនៅក្នុងពិធីជួបជុំបុណ្យជាតិ ដោយសារសម្ពាធឈាមធ្លាក់ចុះ, ឈររយៈពេលយូរពេក, អស់កម្លាំង និងខ្វះជាតិទឹក។ ក្រុមវេជ្ជបណ្ឌិតបានបញ្ជាក់ថា សុខភាពលោកគ្មានភាពមិនប្រក្រតី ឬមានជំងឺសរសៃឈាមបេះដូងនោះទេ»។ នេះបើតាមការិយាល័យ PMO បានឲ្យដឹងតាមរយៈរបាយការណ៍ នារសៀលថ្ងៃចន្ទនេះ។
តាមការណែនាំរបស់វេជ្ជបណ្ឌិត លោក Lee នឹងត្រូវសម្រាកព្យាបាល ហើយនឹងចូលបំពេញការងារវិញ នៅថ្ងៃទី២៩ ខែសីហា។ លោកគ្រោងនឹងជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាខេត្ត Central Java របស់ឥណ្ឌូនេស៊ី នាសប្តាហ៍នេះ។ ឧបនាយករដ្ឋមន្ត្រី Teo Chee Hean នឹងទទួលបន្ទុកការងារនេះ ជំនួសការអវត្តមានរបស់លោក Lee។ នេះបើតាម PMO បានបន្ថែម។
នាព្រឹកថ្ងៃចន្ទនេះ រដ្ឋមន្ត្រីកិច្ចការបរទេសលោក Vivian Balakrishnan បានឲ្យដឹងថា ការពិនិត្យសុខភាពលោក Lee នៅមន្ទីរពេទ្យ Singapore General Hospital បានបង្ហាញថា សុខភាពលោកបានវិលត្រឡប់មកភាពធម្មតាហើយ។
ការិយាល័យ PMO លើកឡើងថា លោក Lee មានអារម្មណ៍ចង់ដួលនៅពាក់កណ្តាល នៃការថ្លែងសន្ទរកថារបស់លោក កាលពីថ្ងៃអាទិត្យ ដោយសារឈររយៈពេលយូរ, បញ្ហាបេះដូង និងខ្វះជាតិទឹក។ បន្ទាប់ពីសម្រាកជាង១ម៉ោង លោក Lee បានឡើងមកកាន់វេទិកាវិញ ដើម្បីបញ្ចប់សន្ទរកថារបស់លោក ក្រោយមកក៏បានធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យ Singapore General Hospital ដើម្បីត្រួតពិនិត្យសុខភាព៕