(ឥណ្ឌូណេស៊ី)៖ នៅព្រឹកទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Chi Fulin ប្រធានវិទ្យាស្ថានកំណែទម្រង់ និងការអភិវឌ្ឍចិន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈរកវិធី ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន-ចិន ជាពិសេស ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជា កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចខៀវ ជាដើម។

បន្ទាប់មកនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលគណៈប្រតិភូលេខាធិការដ្ឋានពិព័រណ៌ចិន-អាស៊ាន (CAEXPO) ដឹកនាំដោយ បណ្ឌិត WEI Zhaohui អគ្គលេខាធិការ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិស្តីពីការរៀបចំ CAEXPO លើកទី ២១ នៅខែកញ្ញា ឆ្នាំ២០២៤ ជាពិសេសស្របពេលដែល ឆ្នាំ២០២៤ ត្រូវបានជ្រើសយកជាឆ្នាំ ផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងអាស៊ាន-ចិន។

បន្ទាប់មកទៀត នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅនិវេសនដ្ឋានផ្លូវការរបស់ ឯកអគ្គរាជទូតកាណាដា ប្រចាំអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចេញរូបអត្តសញ្ញាណថ្មី នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា ដែលបញ្ជាក់ពីការធ្វើឲ្យកាន់តែស៊ីជម្រៅ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា៕