(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវក្ដីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើតកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការជាមួយការិយាល័យ the office of the Ombudsman។

លោករដ្ឋមន្រ្តី បានថ្លែងថា គិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ កម្ពុជា និងថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (រយៈពេល៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៣) ទន្ទឹមនឹងនោះទំនាក់ទំនងរវាងកម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត «ភាពជាដៃគូសន្តិភាព និងវិបុលភាព» ដោយកម្ពុជា និងថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី (ភាគីកម្ពុជា៧រាជធានី-ខេត្ត ហើយភាគីថៃ១១រាជធានី-ខេត្ត)។

លោករដ្ឋមន្ត្រី បានបន្តថា ទំនាក់ទំនងការទូត និងទស្សនកិច្ចផ្លូវការ២ឆ្នាំចុងក្រោយ គឺ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អមដំណើរដោយលោក ប៉ាន់ព្រី ផាហ៊ិតថានុកន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ និងបានអញ្ជើញជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្ដិភាព។

ក្នុងនោះសម្តេចធិបតី និងលោក សេដ្ឋា ថាវីស៊ីន បានអបអរសាទរគ្នា តាមទូរស័ព្ទ ក្នុងឱកាសដែលត្រូវបានតែងតាំង ជានាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ។

ជាចុងក្រោយ ភាគីទាំងពីរបានរំលឹកថា នាជំនួបសំដែងការគួរសមនៅឆ្នាំ២០១៨ ជាមួយលោក ប៉ាន់យ៉ារ៉ាក់ ភូនថាប់ (PANYARAK POOLTHUB) អតីតឯកអគ្គរាជទូត សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា «នឹងរកពេលវេលាសមរម្យណាមួយ ដើម្បីអញ្ជើញទៅប្រទេសថៃ ក្នុងគោលបំណងបំពេញទស្សនកិច្ចផ្លូវការ» ដូចនេះ ឆ្នាំ២០២៤ ក្រសួងអធិការ នឹងបំពេញទស្សនកិច្ចផ្លូវការ ហើយស្នើភាគីមិត្តថៃ ជួយរៀបចំសម្របសម្រួលទស្សនកិច្ចផ្លូវការ ដើម្បីសិក្សារៀនសូត្រ ដកស្រង់ និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយស្ថាប័នប្រហាក់ប្រហែលរបស់ប្រទេសថៃ។

ជាមួយគ្នានេះ ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពចុះ MOU រវាងក្រសួង និងស្ថាប័នប្រហាក់ប្រហែល នៅព្រះរាជាណាចក្រថៃ ដែល ផ្តោតលើការងារអធិការកិច្ច និងអភិបាលកិច្ចល្អ ដែលជាបេសកកម្មចម្បង របស់ក្រសួង និងផ្តល់អ្នកប្រឹក្សា ឬអ្នកជំនាញបច្ចេកទេស លើវិស័យអធិការកិច្ច និងការរៀបចំសេចក្តីព្រាងច្បាប់បណ្ដឹងតវ៉ា និងបណ្ដឹងបរិហារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងការផ្តល់នូវព័ត៌មាន ពីអាហារូបករណ៍របស់ព្រះរាជាណាចក្រថៃ មកក្រសួងអធិការកិច្ចផ្ទាល់ ៖ កសាង និងពង្រឹងសមត្ថភាពមន្ត្រីលើវិស័យអធិការកិច្ច, ជំនាញទន់ និងព័ត៌មានវិទ្យា ព្រមទាំងជួយអភិវឌ្ឍន៍វិទ្យាស្ថានជាតិ អធិការកិច្ចរបស់ក្រសួង ជាពិសេសជួយផ្តល់ព័ត៌មានផ្ទាល់មកក្រសួងអធិការកិច្ចពីអាហារូបករណ៍ ដើម្បីជាឱកាសដល់មន្ត្រីរាជការក្រសួង អាចរៀបចំដាក់ពាក្យស្នើសុំទាន់ពេលវេលា៕