(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបើកសិក្ខាសាលាលើកដំបូង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសលោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត សរុបប្រមាណ២០០នាក់។
 
ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ថា ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតបបកស្រាយ និងពន្យល់ដល់ប្រជាពលរដ្ឋអំពីការពិត។

ទេសរដ្ឋមន្ត្រីបានបន្តថា សម្រាប់ការងារព័ត៌មាននិងសាធារណមតិ គឺយើងត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ពោលគឺដើរឱ្យទាន់បច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល បូករួមនឹងភាពជឿនលឿនកាន់តែខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI Technology) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្ស ប៉ុន្តែ វាក៏បានបង្កបញ្ហាដ៏ធំនៅក្នុងសង្គមផងដែរ មិនថាតែនៅក្នុងប្រទេសរបស់យើង ឬនៅក្នុងបណ្តាប្រទេសផ្សេងៗទៀត ដូចជាសហរដ្ឋអាមេរិក ឬអឺរ៉ុបនោះទេ។ ដូច្នេះ វាទាមទារឱ្យយើងត្រូវបង្កើនការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច។

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានមានប្រសាសន៍ឱ្យដឹងផងដែរថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ.ស.ព.ស. ត្រូវបានបង្កើតឡើងក្នុងនាមជាយន្តការ ដើម្បីសម្របសម្រួល សហការ និងធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារនៃការអនុវត្តការងារ តម្រង់ទិសនិងផ្តល់ជាអនុសាសន៍ ដើម្បីតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិឱ្យកាន់តែមានដំណើរការប្រកបដោយប្រសិទ្ធិភាព ជាពិសេសដើម្បីបង្កើតបានជាចលនាជាតិមួយសម្រាប់បង្កើតសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ។

ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ជាក់ស្តែងណាស់ផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង និងក្រុមគ្រួសាររបស់យើង និងផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយរបស់យើង គឺសុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងត្រូវពឹងផ្អែកលើស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ដើម្បីសុខុមាលភាព និងវិបុលភាពដ៏រុងរឿង»។ 

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏បានគូសរំលេចទៀតថា វាចាំបាច់ណាស់ដែលត្រូវបង្កើតច្រកចេញចូលមួយក្នុងកិច្ចសហការលើការងារព័ត៌មាននិងសាធារណមតិ រវាង គ.ស.ព.ស ជាមួយក្រសួង-ស្ថាប័ន រាជធានីខេត្ត ប្រមូលកម្លាំងសរុប ដើម្បីសម្រេចគោលដៅរួម ដោយអនុវត្តតាម។

លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃ គ.ស.ព.ស បានមានប្រសាសន៍ជំរុញឱ្យអង្គសិក្ខាកាមទាំងមូល ត្រូវពង្រឹងយន្តការងារព័ត៌មាននិងសាធារណមតិ តាមយុទ្ធសាស្ត្រ ប្រមូលកម្លាំងសរុប មធ្យាបាយសរុប ក្នុងនាមជារាជរដ្ឋាភិបាលតែមួយ ដែលជាសេនាធិការរបស់រដ្ឋាភិបាលដូចគ្នា គឺក្រុមតែមួយគោលដៅតែមួយ ដោយប្រើសំឡេងតែមួយ ភាសាតែមួយ ដើម្បីសម្រេចកិច្ចការរួមគ្នា។

បន្ថែមពីលើការធ្វើបទបង្ហាញនូវរបៀបរបបការងារ និងតួនាទីភារកិច្ចរបស់ គសពស លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវខិតខំស្រាវជ្រាវ ប្រមូលចងក្រងព័ត៌មានដែលពាក់ព័ន្ធនឹងក្រសួងស្ថាប័ន រាជធានីខេត្ត ដោយបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មោះមុតនឹងការងារដោយផ្អែកលើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោររបស់ក្រសួងស្ថាប័នរៀងៗខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ។

លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. ក៏បានលើកឡើងផងដែរអំពីតួនាទីនិងភារកិច្ចមួយចំនួនរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហើយលោក ក៏បានសំណូមពរឱ្យក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អបំផុតទើបការងារមានប្រសិទ្ធភាព។