(ភ្នំពេញ)៖ អ្នកស្រី ប៊ូវ សោភា ជាសកម្មជនបឹងកក់ ត្រូវបានតុលាការដោះលែង នៅព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពីជំនុំជម្រះកាត់ទោស នាព្រឹកមិញ ប៉ុន្តែអ្នកស្រី ទេព វន្នី ត្រូវបានតុលាការបន្តឃុំខ្លូននៅឡើយ ដោយរងចាំការបើកសវនការនៅពេលក្រោយទៀតពាក់ព័ន្ធនឹងសំណុំរឿងផ្សេង។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានសម្រេចផ្តន្ទាទោស អ្នកស្រី ទេព វន្នី និង អ្នក ស្រី ប៊ូវ សោភា ដែលជាសកម្មជនបឹងកក់ និងក៏ជាសកម្មជន Black Monday ក្នុងម្នាក់ៗឲ្យជាប់ពន្ធនាគារ ៦ថ្ងៃ និងពិន័យជាប្រាក់ចំនួន៨ម៉ឺនរៀល ពីបទប្រមាថតាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។ ស្ត្រីបឹងកក់ដ៏សកម្មទាំងពីរនាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។
ទោះជាយ៉ាងណា សម្រាប់អ្នកស្រី ទេព វន្នី មិនទាន់ត្រូវបានដោះលែងនៅពេលនេះនៅឡើយទេ ដោយតុលាការបានចោទប្រកាន់អំពីបទល្មើស១ករណីបន្ថែមទៀត គឺដឹកនាំការតវ៉ាដោយហឹង្សានៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែ៣ឆ្នាំ២០១៣។ អ្នកស្រី ក៏នឹងត្រូវបើក សវនាការដោយឡែក នៅថ្ងៃទី១៩ កញ្ញា ២០១៦ ពេលព្រឹក ដែលជាប់ចោទពីបទ ប្រមាថរាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់៕