(ព្រះវិហារ)៖ ឧបករណ៍នេសាទខុសច្បាប់ជាច្រើនគ្រឿង ត្រូវបានកម្លាំងនគរបាលស្រុកគូលែន ខេត្តព្រះវិហារ ដកហូតតាមបណ្តោយដងស្ទឹងសែន ក្នុងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានថ្លែងប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគូលែនចំនួន៥នាក់ ចុះល្បាតតាមដងស្ទឹងសែន បានធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់(ឆក់)ចំនួន១ករណី។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការដកហូតសម្ភារមួយចំនួនរួមមាន៖ ម៉ាស៊ីនឆក់ត្រីចំនួន៨ គ្រឿង, ដងឆក់ត្រីចំនួន១៨ ដើមស្មើនឹង៨គូ និងអាគុយចំនួន៨។ សម្ភារដែលបានដកហូតខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីចាក់ការបន្ត។

លោក ឱ សេង បានថ្លែងបញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងករណីនេសាទខុសច្បាប់នេះ សមត្ថកិច្ចបានអប់រំណែនាំ ជាមួយនឹងការធ្វើកិច្ចសន្យាផ្តិតមេដៃទុកជាភស្តុតាង បញ្ឈប់សកម្មភាពនេសាទល្មើសច្បាប់ ចាប់ពីថ្ងៃនេះតទៅ។

លោកបានអំពាវនាវប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ជាអ្នកប្រកបរបរនេសាទត្រី សូមកុំនេសាទត្រីដោយប្រើឧបករណ៍ល្មើសច្បាប់ ដែលជាហេតុនាំឱ្យប្រឈម និងផ្លូវច្បាប់ ពិសេសធ្វើបំផ្លាញពូជង្រីផងដែរ៕