(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើវៀតណាមផ្ដល់កិច្ចសហការអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញឆ្លងកាត់តាមប្រទេសវៀតណាម។

ការស្នើនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ពេលសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីកម្ពុជា បានស្នើភាគីវៀតណាមផ្ដល់កិច្ច សហការអនុវត្តឱ្យ មានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មតាមព្រំដែន និងជួយសម្រួលដល់ទំនិញឆ្លងកាត់តាមប្រទេសវៀតណាម ព្រមទាំងបានស្នើភាគីវៀតណាមសម្រេចឱ្យបានឆាប់ នូវការកំណត់ទីតាំងតភ្ជាប់នៃផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត និងហូជីមិញ-ម៉ុកបៃ»

បើតាមក្រសួងការបរទេស ដើម្បីជំរុញលំហូរពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត ភាគីកម្ពុជាបានស្នើជំរុញកិច្ចសហប្រតិបត្តិការបំពេញបន្ថែម តាមរយៈរូបមន្ត «វៀតណាម +១» ជាពិសេសក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ភាគីកម្ពុជាបានគូសបញ្ជាក់ពីផលប្រយោជន៍រួមនៃការរៀបចំផែនការ សកម្មភាពអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម «ប្រទេសបីគោលដៅតែមួយ»

កិច្ចពិភាក្សាក៏បានផ្ដោតលើបញ្ហាតំបន់ ដែលជាប្រយោជន៍និងក្តីបារម្ភរួម ហើយភាគីទាំងពីរបានកត់សម្គាល់ ដោយការពេញចិត្តចំពោះការគាំទ្រទៅវិញទៅមកក្នុងវេទិកាអង្គការសហប្រជាជាតិ អាស៊ាន និងអនុ តំបន់ទន្លេមេគង្គ។ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញយន្តការកិច្ចសហប្រតិបត្តិការត្រីភាគី (កម្ពុជា- ឡាវ-វៀតណាម) ក្នុងវិស័យសំខាន់ៗបន្ថែមទៀត៕