(ភ្នំពេញ)៖ ថ្នាក់ដឹកនាំវៀតណាម បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងកាន់តែបន្ដការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ការបង្ហាញនូវជំនឿបែបនេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំរបស់វៀតណាម ពេលបំពេញទស្សនកិច្ចផ្លូវការ ដែលបញ្ចប់ទៅនៅថ្ងៃទី១២ ខែធ្នូម្សិលមិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់បែបនេះថា «ថ្នាក់ដឹកនាំវៀតណាម បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ប្រទេសកម្ពុជា នឹងបន្តអភិវឌ្ឍខ្លាំងក្លា ហើយទំនាក់ទំនងកម្ពុជា-វៀតណាម ក៏នឹងត្រូវបានពូនជ្រំ និងពង្រឹងកាន់តែរឹងមាំនិងជិតស្និទថែមទៀត»

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដោយឡែក លោក ង្វៀន ហ៊ូចុង អគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម, លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរការរីកចម្រើន និងសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនរបស់កម្ពុជា ដែលសម្រេចបានក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីនិរន្តភាព និងសង្គតិភាពនៃនយោបាយការបរទេសកម្ពុជា។ ភាគីទាំងពីរ បានវាយម្លៃខ្ពស់ ចំពោះសាមគ្គីភាព ការតស៊ូរួមគ្នា និងការគាំទ្រគ្នាទៅវិញទៅមក ជាពិសេសក្នុងដំណាក់កាលលំបាក ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ រួមមានការទាមទារឯករាជ្យជាតិ ការបង្រួបបង្រួមទឹកដី និងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាទៀត ភាគីទាំងពីរ បានឯកភាពបន្តជំនួបរវាងថ្នាក់ដឹកនាំ និងការប្រាស្រ័យទាក់ទងគ្នានៅគ្រប់ជាន់ថ្នាក់ ក្នុងក្របខ័ណ្ឌរដ្ឋ សភា និងបក្ស ព្រមទាំងជំរុញបន្ថែមទៀតនូវ សហការក្នុងក្របខ័ណ្ឌត្រីភាគី (កម្ពុជា-ឡាវ-វៀតណាម) តាមវិស័យផ្សេងៗ៕