(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ទំនាក់ទំនងកម្ពុជាសម័យនគរភ្នំ ជាមួយចិនសម័យសាមកុក តាមរយៈគម្រោង «ផ្លូវសូត្រចិន» និងទំនាក់ទំនងកម្ពុជាជាមួយចិន តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក។

ការជួយគ្នានៅត្រង់ថា កម្ពុជា គឺជាស្ថាបនិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលត្រូវបានដាក់ចេញដោយលោកប្រធានាធិបតីចិន ស៉ី ជីនពីង កាលពី ១០ឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះ ភ្ជាប់នូវចំណុច ៥រួមមាន តភ្ជាប់គោលនយោបាយ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម តភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធ និងតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានអះអាងថា ចំណុចទាំង៥នេះ សុទ្ធតែបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា។ កម្ពុជា បានល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការរួមចំណែករបស់មិត្តចិន ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស ជាពិសេសផ្នែកមូលធនបញ្ញា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាមួយគ្នានេះដែរ វិនិយោគិនជនជាតិចិន និងទេសចរជនជាតិចិន សុទ្ធតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ដែលជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា។ ងាកទៅផ្នែក ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា រួមមានផ្លូវ ស្ពាន ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងពហុកីឡដ្ឋានជាតិ ត្រូវបានជួយដោយចិន ដែលជួយពង្រីកខឿនសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំថែមទៀត។ ចំណែកផ្នែកពាណិជ្ជកម្ម គឺកម្ពុជាបាននាំចេញផលិតផលកសិកម្ម ទៅទីផ្សារចិន ខណៈចិននិងកម្ពុជា បានខិតខំកសាងសហគមន៍រួមវាសនាតែមួយ ទៀតផង។

កម្ពុជានិងចិនបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងដើមសម័យអាណាចក្រភ្នំមកម្ល៉េះ ក្នុងនោះកម្ពុជាជាភាគីដែលបានបញ្ជូនរាជទូតទៅកាន់ប្រទេសចិន ផងដែរ។ បើតាមសៀវភៅប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន មុនពេលបេសកទូតចិនធ្វើដំណើរមកកាន់ទឹកដីកម្ពុជាលើកដំបូង កម្ពុជាបានបញ្ជូនបណ្ណាការទៅថ្វាយស្ដេចចិនជាច្រើនលើក ក្នុងនោះនៅគ្រិស្ដសករាជឆ្នាំ២៤៣ ព្រះមហាក្សត្រនគរភ្នំ ព្រះបាទហ្វានឆាន (ឯកសារចិន) បានបញ្ជូនបណ្ណាការមានដូចជាក្រុមតន្ត្រីករ ឧបករណ៍ភ្លេង និងវត្ថុប្រចាំតំបន់ជាច្រើនទៀតទៅថ្វាយស្ដេចស៊ុនឈាន (Sun Qian) ដែលសោយរាជ្យនៅនគរតុងអ៊ូ (Dong Wu) ពោលគឺចំសម័យកាលសាមកុក ឬយុទ្ធសម័យនគរទាំងបី។ ព្រះបាទហ្វានឆាន ដែលហៅតាមសំនៀងភាសាចិននេះ ប្រហែលជាត្រូវនឹងភាសាខ្មែរហៅថា ព្រះបាទស្រីមារៈ (សិលាចារឹកខ្មែរនៅវ៉ូកាញ់ ប្រទេសវៀតណាម)។

យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែរ ក្នុងយុទ្ធសម័យនគរទាំងបី នគរអ៊ូដែលស្ថិតនៅភាគខាងកើតប្រទេសចិនមិនអាចធ្វើជំនួញ និងទំនាក់ទំនងជាមួយប្រទេសនៅប៉ែកខាងលិចបានឡើយ ដោយសារតែនៅខាងលិចនគរអ៊ូនេះមាននគរវ៉ី (Cao-Wei) និងនគរស៊ូ (Han-Shu) ដែលសុទ្ធតែជាគូបដិបក្ខរបស់ខ្លួន ជាហេតុមិនអាចឆ្លងកាត់បាន។ ដូច្នេះហើយទើបនគរតុងអ៊ូត្រូវងាកមកធ្វើជំនួញ និងរឹតចំណងមេត្រីភាពជាមួយប្រទេសដទៃតាមផ្លូវសមុទ្រវិញ ក្នុងនោះក៏មាននគរភ្នំរបស់ខ្មែរផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រទេសមិត្តទាំងពីរនេះ សៀវភៅប្រវត្តិសាស្ត្រចិនដែលសរសេរដោយជនជាតិបារាំង ហ្សាក ហ្ស៊ែរណេ (Jacques Gernet) ក៏បានបញ្ជាក់ថា នគរតុងអ៊ូបានបញ្ជូនបេសកជន និងអ្នកជំនួញពីប្រទេសខ្លួនឱ្យមកកាន់នគរភ្នំលើកដំបូងនៅគ្រិស្ដសករាជ២២៨។ លុះដល់គ្រិស្ដសករាជ២៤៥-២៥០ ស្ដេចនគរតុងអ៊ូ ស៊ុន ឈាន ក៏បានបញ្ចូលបេសកទូតចំនួន២រូបមកបំពេញទស្សនកិច្ចនៅនគរភ្នំ ក្នុងបំណងដើម្បីចងស្ពានមេត្រីជាមួយកម្ពុជា។ រាជទូតទាំងពីរនាក់នោះ ម្នាក់មានឈ្មោះ ខាង ថាយ (Kang Tai) មានតួនាទីជាពលទោនៃកងទ័ពតុងអ៊ូ និងម្នាក់ទៀតមានឈ្មោះ ជូ អ៉ីង (Zhu Ying) មានតួនាទីជាឃោសនករនៃនគរតុងអ៊ូ។

រាជទូត ខាង ថាយ និង ជូ អ៉ីង ក្រោយត្រឡប់មកពីនគរភ្នំវិញ ពួកគេបានសរសេរនូវស្នាដៃដែលទាក់ទងនឹងទឹកដីភូមិសាស្ត្រ ធនធានផលិតផល និងប្រពៃណីរបស់អ្នកស្រុកនគរភ្នំ។ លោក ជូ អ៉ីង បានសរសេរនូវកំណត់ត្រាវត្ថុចម្លែកៗនៅនគរភ្នំ កត់ត្រានូវគំហើញនិងការជួបប្រទះផ្ទាល់ភ្នែកក្នុងពេលចុះទស្សនកិច្ចនៅនគរភ្នំ និងបណ្តានគរផ្សេងទៀត។ ចំណែកលោក ខាង ថាយ ក៏បានសរសេរនូវកំណត់ត្រាបរទេសសម័យអ៊ូ ឬហៅថា «តម្រាបរទេសសម័យអ៊ូ» ឬក៏អាចហៅថា «កំណត់ហេតុហ្វូណន» ហើយក៏អាចហៅម្យ៉ាងទៀតថា «ប្រវត្តិហ្វូណន»។ លោក ខាង ថាយ បានបញ្ជាក់ថា ប្រទេសកម្ពុជាមានទេសភាពល្អ ប៉ុន្តែរាស្រ្តលេងខ្លួនទទេគួរចម្លែក។

ខាង ថាយ និង ជូ អ៉ីង បានរៀបរាប់អំពីស្ថានភាពនៅកម្ពុជានាសម័យនគរភ្នំដល់ប្រជាជនចិន ធ្វើឱ្យជនជាតិចិនយល់ដឹងនិងស្គាល់ពីកម្ពុជា រួមចំណែកដល់ការផ្សព្វផ្សាយប្រវត្តិសាស្ត្រ ទំនាក់ទំនង វប្បធម៌កម្ពុជានិងចិន។ លើសពីនេះទៅទៀតនោះ ស្នាដៃលោកទាំងពីរក៏ជាឯកសារប្រវត្តិសាស្ត្រដែលបានរៀបរាប់ពីកម្ពុជានាសម័យនោះផងដែរ។

សរុបមក បើតាមលោកបណ្ឌិត ជា មុនីឫទ្ធិ ទំនាក់ទំនងកម្ពុជាសម័យនគរភ្នំ ជាមួយចិនសម័យសាមកុក តាមរយៈគម្រោង «ផ្លូវសូត្រចិន» និងទំនាក់ទំនងកម្ពុជាជាមួយចិន តាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ចិនមិនដែលបង្កអនុត្តរភាពទេ គឺមានតែបង្កើនមិត្តភាពជាមួយកម្ពុជា៕