(ភ្នំពេញ)៖ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី ទាំង៩រូប នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានចូលធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងជាមុនសិន មុនចូលកាន់តំណែង។

សមាសភាពក្បាលម៉ាស៊ីន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី នៃនីតិកាលទី៧ រដ្ឋសភា ទាំង៩រូបនោះ រួមមាន៖ លោក ប្រាជ្ញ ចន្ទ ជាប្រធាន, លោក ជឺ ចំណាន ជាអនុប្រធាន និងមានសមាជិក៧រូបទៀត គឺ លោក មាន សទិ លោក ឌឹម សុវណ្ណារុំ លោក សោម សូរីដា លោក ហេង ស៊ីឡេង លោក យិច សមិទ្ធិ លោក ហ៊ែល សារ៉ាត់ និងលោក ហង្ស ពុទ្ធា ជាដើម។

សមាសភាពក្បាលម៉ាស៊ីនគ.ជ.បថ្មីទាំងនេះ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅគាត់ថា (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ក្រោមបាវចនា ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព៕