(ព្រៃវែង)៖ លោក ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំលក្ខណៈប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តចំនួន១០ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៧ នៃខេត្តព្រៃវែង។

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានឱ្យដឹងថា ផ្លូវដែលគណៈកម្មការអន្តរក្រសួង ចុះពិនិត្យវាយតំលៃមានចំនួន១០ខ្សែ ស្ថិតក្នុងស្រុកចំនួន៧ គឺស្រុកមេសាង កំចាយមារ កញ្ជ្រៀច ពាមជរ ព្រះស្តេច  កំពង់ត្របែក និងស្រុកស្វាយអន្ទរ។ ចំពោះផ្លូវទាំង១០ខ្សែនេះ មានផ្លូវគ្រួសក្រហមបចំនួន៥ខ្សែ ប្រវែង ៤៧.៦៩គីឡូម៉ែត្រ ផ្លូវក្រាលខ្សាច់ភ្នំ ចំនួន៥ខ្សែ មានប្រវែង ៦៩.២គីឡូម៉ែត្រ។

ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភ័ណភាព និងគុណភាពផ្លូវទាំង១០ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកមួយរយភាគរយ (១០០%) សម្រាប់ការអនុវត្តការងារថែទាំផ្លូវទាំងនេះ។

លោក ទ្រី មេង បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវលំក្រាលគ្រួសក្រហម និងផ្លូវក្រាលខ្សាច់ភ្នំ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធផលថ្មី ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ លើស្រុកទាំង៧ ឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិមួយ ប្រកបដោយសុវត្ថិភាព និងយូរអង្វែង។

លោកបានរំលឹកផងដែរពីស្ថានភាពផ្លូវទាំង១០ខ្សែខាងលើថា ដើមឡើយវាគ្រាន់តែជាផ្លូវចរាចរណ៍បានត្រឹមតែរទេះគោ ឬម៉ូតូប៉ុណ្ណោះ តែក្រោមការគិតគូរបស់រាជរដ្ឋាភិបាល ក្រោមការស្ថាបនារបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអភិវឌ្ឍន៍ផ្លូវនេះ ទៅជាផ្លូវក្រាលខ្សាច់ភ្នំ និងក្រាលគ្រួសក្រហម ដែលអាចចរាចរណ៍បានគ្រប់មធ្យោបាយ។

ក្រោយស្ថាបនារួចរាល់ ផ្លូវទាំង១០ខ្សែនេះ បានជ្រោងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យមានការរីកចម្រើនលើសពីការរំពឹងទុក តាមរយៈការដឹកជញ្ជូនកសិផលដែលពួកគាត់ធ្វើបានមកកាន់ទីផ្សារ និងការធ្វើឱ្យអចលនទ្រព្យ ពួកគាត់ឡើងថ្លៃជាដើម។

លោក ទ្រី មេង អំពាវនាវប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំង១០ខ្សែ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរក្នុងការថែទាំ កុំដឹកលើសទម្ងន់ ដែលនាំឱ្យផ្លូវស្រុត ឬខូច កុំចាក់ដីភូមិខ្ពស់ជាងផ្លូវ ដែលនាំឱ្យទឹកដក់ ឬហូរកាត់ផ្លូវនាំឲ្យផ្លូវច្រោះដាច់ប្រើប្រាស់មិនបានយូរអង្វែង៕