(កំពង់ចាម)៖ ថ្នាក់ដឹកនាំមូលដ្ឋានមកពីគណបក្សសង្គ្រោះជាតិ CNRP ម្នាក់ដែលមានតួនាទីជាជំទប់ទី១ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បាននាំស្រីស្នេហ៍ចូលផ្ទះសំណាក់ ស្រាប់តែពេលចេញមកវិញ រអិលជើងដួលបណ្តាលឲ្យបែកក្បាល ពេលនោះទំនងខ្លាចប្រពន្ធដឹងរឿងអាស្រូវរបស់ខ្លួន ក៏ប្រឌិតរឿងចោរប្លន់យកលុយថ្លៃគោតែម្តង ធ្វើឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចុះទៅសួរនាំដើម្បីជួយអន្តរាគមន៍ពេញទឹកពេញដី។
ហេតុការណ៍ហួសចិត្តរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងតាមមូលដ្ឋានរូបនេះ បានកើតឡើងនៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់ «ហេងលាភដាណែតត្រជាក់ចិត្ត» នៅផ្អាវ ឃំុផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា «ជននេះមានឈ្មោះ ផង ភឺន អាយុ៥៣ឆ្នាំ រស់នៅភូមិក្រដាសខ ឃំុតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាជំទប់ទី១ឃំុតាំងក្រសាំងទៀតផង»។
លោកស្នងការបានបន្តថា មុនពេលកើតហេតុជននេះ បាននាំស្រីទៅដេកនៅផ្ទះសំណាក់ ហេងលាភដាណែតត្រជាក់ចិត្ត នៅផ្អាវ ស្រាប់តែពេលចេញមកវិញ ក៏បានរអិលជើងដួលនៅមុខបន្ទប់ទឹកបណ្តាអោយបែកក្បាលខាងក្រោយ។ ដោយសារតែជួបរឿង អកុសលបែបនេះ នៅពេលចេញពីផ្ទះសំណាក់បានប្រាប់គេថា ចោរប្លន់បាញ់ត្រូវចំក្បាលហើយប្លន់យកលុយថ្លៃគោរបស់គាត់អស់តែតាមការពិតលុយនោះ គាត់ឲ្យទៅស្រីស្នេហ៍។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ទៀតថា បន្ទាប់ពីរឿងនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះទៅស្រាវជ្រាវជាបន្ទាន់ ប៉ុន្តែក្រោយការសួរនាំម្ចាស់ផ្ទះសំណាក់ និងស្រីស្នេហ៍របស់គាត់ទើបដឹងថា គាត់ប្រឌិតរឿងសង្ស័យខ្លាចប្រពន្ធខឹង។
បើតាមលោកស្នងការ រហូតមកដល់ពេលនេះជនឆបោកខាងលើ មិនដឹងទៅណានោះទេ សូម្បីតែសមត្ថកិច្ចស្វែងរកក៏មិនទាន់ឃើញដែរ ដើម្បីយកមកសួរនាំបន្ត៕