(ភ្នំពេញ)៖ ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមដោះស្រាយ លើវិស័យស្រូវអង្ករបានច្រើន ទាំងតម្លៃស្រូវ និងកែប្រែស្ថានភាពលើវិស័យនេះ នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកឧកញ៉ា សុង សារ៉ន អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារ ARDB ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចសម្ភាសន៍លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា «រយៈពេលជាង១០ឆ្នាំ ចុងក្រោយមកនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានកែប្រែស្ថានភាព លើវិស័យស្រូវអង្ករច្រើន ពីការខ្វះខាតនូវឡសម្ងួត ស្ដង់ដារ និងការនាំចេញ ឲ្យក្លាយខ្លួនជារោងម៉ាស៊ីកិនស្រូវ និងបម្រើដល់វិស័យឧស្សាហកម្មស្រូវអង្ករ មានការប្រកួតប្រជែង ជាមួយនឹងប្រទេសជិតខាង»

លើសពីនោះទៀត លោកឧកញ៉ា សុង សារ៉ន បានបន្ថែមថា ធនាគារក៏បានជំរុញតម្លៃទីផ្សារកសិករ ឲ្យមានភាពល្អប្រសើរ ដែលចាប់តាំងពីឆ្នាំ២០១៥-២០១៦មក តម្លៃស្រូវអង្ករកម្ពុជា គឺមានភាពល្អប្រសើរ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជាទទួលបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុងការគាំទ្រជួយដល់កសិករខ្នាតតូច ដែលដាំដុះស្រូវ នៅក្នុងប្រទេសកម្ពុជា៕