(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញការងារចំនួន ៩ចំណុច ដើម្បីឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មយកចិត្ដទុកដាក់អនុវត្ដ។

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងស្មារតីជំរុញប្រសិទ្ធភាពប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សូមស្នើឲ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកគ្រប់លំដាប់ថ្នាក់ របស់ធនាគារយកចិត្តទុកដាក់លើការងារសំខាន់មួយចំនួន ដូចខាងក្រោម៖

ទី១៖ គិតគូរដាក់ចេញនូវវិធានការ និងផែនការសកម្មភាពលម្អិត ស្របតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តឱ្យសម្រេចបានលទ្ធផលល្អ នូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល ប្រគល់ជូន។

ទី២៖ បន្តចូលរួមក្នុងដំណើរការរៀបចំ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ ដើម្បីមានកាលានុវត្តភាពបន្ថែម ក្នុងការបញ្ជា្របផលិតផល និងសកម្មភាពរបស់ធនាគារ ឲ្យកាន់តែច្រើន និងទូលំទូលាយ។

ទី៣៖ ចូលរួមកៀរគរទុនវិនិយោគពីវិស័យឯកជន ឲ្យបានកាន់តែច្រើន ដើម្បីចាក់បញ្ចូលទៅក្នុងខ្សែច្រវាក់តម្លៃកសិកម្ម សំដៅរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងមុនពេល និងក្រោយពេលប្រមូលផល សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារសម្រាប់កសិករ ចូលរួមបង្កើនការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងចូលរួមជួយជំរុញការកែច្នៃ និងការនាំចេញនូវផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម។

ទី៤៖ បន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ជំរុញការពង្រីកសេវាធនាគារតាមបែបឌីជីថល ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធុរកិច្ចឌីជីថល តាមរយៈការវិនិយោគបន្ថែម លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការបង្កើតផលិតផលថ្មី។

ទី៥៖ បន្តជំរុញការធ្វើពិពិធកម្មនៃការផ្តល់ឥណទាន ដោយបែងចែកតាមតំបន់ និងវិស័យអាទិភាព តាមរយៈការបង្កើនការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ និងការបង្ខិតសេវាឲ្យកាន់តែកៀកនឹងអតិថិជន។

ទី៦៖ ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង (Green Financing) ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព តាមរយៈការរៀបចំផ្តល់ការអនុគ្រោះបន្ថែម ឬផ្តល់លក្ខខណ្ឌពិសេសជាដើម។

ទី៧៖ ចូលរួមលើកកម្ពស់ការអភិវឌ្ឍកសិករ ដែលផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាកសិករសហគ្រិន តាមរយៈការផ្តល់ឥណទានសម្រាប់ពង្រីក និង លើកកម្ពស់ផលិតកម្មកសិកម្ម។

ទី៨៖ បន្តកៀរគរធនធានបន្ថែម ពីប្រភពសក្តានុពលនានា ជាពិសេសពីប្រភពប្រាក់បញ្ញើដែលនៅមានលម្ហធំ

ទី៩៖ បន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់ធនាគារ តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម ព្រមទាំងការរៀបចំប្រព័ន្ធផ្តល់ការលើកទឹកចិត្តសមស្រប សម្រាប់មន្រ្តី-បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដោយគួបផ្សំជាមួយនឹងការពង្រឹងវិន័យការងារ។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៨ និងត្រូវបានធ្វើបរិវត្តកម្មទៅជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅឆ្នាំ ២០១៩។ សមិទ្ធផលធំៗ ២៥ឆ្នាំ របស់ធនាគារ ARDB ដូចតទៅ៖

* មូលនិធិភាគទុនិក របស់ធនាគារបានចាប់ផ្តើមពី ២.៥លានដុល្លារ នៅឆ្នាំ១៩៩៨ និងបានកើនទៅដល់ប្រមាណជា ១៧០លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ ២២% ក្នុងមួយឆ្នាំ។

* សំពៀតឥណទាន បានចាប់ផ្តើមពី ០.៥២លានដុល្លារនៅឆ្នាំ១៩៩៨ និងបានកើនទៅដល់ប្រមាណជា ៤២៣ លានដុល្លារ នៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យម ប្រមាណ ២៨% ក្នុងមួយឆ្នាំ

* ទ្រព្យសកម្មសរុប បានចាប់ផ្តើមពី ២.៥លានដុល្លារនៅឆ្នាំ១៩៩៨ និងបានកើនដល់ប្រមាណជា ៤៦០លានដុល្លារនៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យម ប្រមាណ ២៣% ក្នុងមួយឆ្នាំ៕