(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងមន្ទីរជំនាញ បានទទួលជួបពិភាក្សា ការងារជាមួយលោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទី ក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចជំនួបលោក វ៉ី សំណាង បានលើកអំពីសក្តានុពលរបស់ខេត្តថា «ខេត្តកំពង់ស្ពឺយើងគឺជាតំបន់ដែលសក្ដានុពលលើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ និងវារីវប្បកម្ម ជាពិសេសមានផ្នែកកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងសម្រាប់នាំចេញដែរ»

អភិបាលខេត្តបានបន្តថា «បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺ យើងចង់បានការវិនិយោគពីសាធារណៈរដ្ឋប្រជាមានិតចិន លើវិស័យកសិកម្ម កសិឧស្សាកម្មទេសចរណ៍ ហើយនិងវារីវប្បកម្ម ដែលជាតម្រូវការចាំបាច់របស់បងប្អូន ប្រជាពលរដ្ឋរស់នៅផ្ទាល់ក្នុងខេត្ត»

ជាការឆ្លើយតប, លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងថា លោកនឹងខិតខំជំរុញអ្នកវិនិយោគប្រទេស នៃសាធារណៈរដ្ឋប្រជាមានិតចិន គេមកសិក្សាអំពីសក្ដានុពលទាក់ទងនឹងវិស័យមួយចំនួនខាងលើ។

លោក យៀន បានបញ្ជាក់ថា «ក្រោយវិលត្រឡប់ទៅវិញ និងអំពាវនាវឲ្យក្រុមហ៊ុនវិនិយោគរបស់ចិន ត្រូវខិតខំស្វែងរកឱកាសវិនិយោគទៅលើវិស័យ កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម វារីវប្បកម្ម និងវិស័យទេសចរណ៍ នៅក្នុងខេត្តកំពង់ស្ពឺ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»

អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណលោកអនុប្រធានសភាពិគ្រោះយោបល់នយោបាយទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រជាជនចិន ដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់អំពី សក្តានុពលរបស់ខេត្តកំពង់ស្ពឺ៕