(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធីឆ្លងស្នាដៃទស្សនីយភាពសម្តែងផ្សេងៗ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ គឺព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ។

នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ សិល្បការិនី ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នាដោយប្រើប្រាស់ពេលវេលាខ្លី តែសម្តែងបានល្អគួរឱ្យកត់សម្គាល់។

ព្រឹត្តិការណ៍រាត្រីចងចាំនេះជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំ និងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជា និងទូទាំងសកលលោក។

ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង ៣០០នាក់ផងដែរ។

ក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ នៅក្នុងបរិវេណព្រះលានជល់ដំរី វេលាម៉ោង១៧៖០០ ល្ងាចតទៅ»។

សូមជម្រាបថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ​ ឆ្នាំ១៩៩២៕