(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម ដែលធ្លាប់ចូលរួមសកម្មភាព ការពារបរិស្ថាន នៅតំបត់អារ៉ែង ខេត្តកោះកុង បានប្រកាសថា ខ្លួននឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការកែទម្រង់ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។
ការបញ្ជាក់យ៉ាងដូច្នេះ របស់កញ្ញា ធី សុវណ្ណថា ធ្វើឡើងបន្ទាប់ពីកញ្ញា បានចូលរួមក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងការចូលរួមក្នុងវេទិកាបរិស្ថាននេះ កញ្ញាត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ឱកាសឲ្យមានយោបល់ និងបានសំណូមពរ រាជរដ្ឋាភិបាលជួយសាងសង់ ផ្លូវមួយខ្សែ និងស្ពាន១ នៅតំបន់អារ៉ែង រួមទាំងដាក់តំបន់អារ៉ែង ជាតំបន់ទេសចរណ៍ផងដែរ។ ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្ត្រី យល់ព្រមតាមសំណើរបស់ កញ្ញា ធី សុវណ្ណថា។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់តាម Facebook ផ្លូវការរបស់កញ្ញាយ៉ាងដូច្នេះថា «នាងខ្ញុំ គឺជាក្មេងស្រីម្នាក់ ដែលធ្លាប់ប្រមាថ រិះគន់ប្រឆាំងសម្តេចតេជោ ហ៊ុន សែន តែបែរជា ទទួលបានកិត្តិយស ឡើងថ្លែងចំពោះមុខសម្តេច។ សម្តេចបាននិយាយរាក់ទាក់ និងបានផ្តល់កិត្តិយសឲ្យនាងខ្ញុំ ហៅនាងខ្ញុំថា «ចៅស្រី» នាងខ្ញុំបានហៅសម្តេចថា «លោកតា»។ សម្តេចក៏បានផ្តល់ផ្លូវ១ខ្សែ ស្ពាន១ និងដាក់តំបន់អារ៉ែង ជាតំបន់ទេសចរណ៍ តាមសំណើរបស់នាងខ្ញុំទៀតផង»។
កញ្ញា ធី សុវណ្ណថា បានសង្កត់ធ្ងន់ថា «ទឹកចិត្តមេត្តាធម៌ដ៏ធំធេងរបស់សម្តេច ធ្វើឲ្យនាងខ្ញុំ រំភើបចិត្តណាស់ នាងខ្ញុំសុំទោសពាក្យខុសឆ្គងកន្លងមក ដោយសារភាពវ័យក្មេង គំនិតខ្លី និងជឿបក្សប្រឆាំងពេក។ នាងខ្ញុំនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកែទម្រង់ផ្លាស់ប្តូរប្រទេសយើង ឲ្យកាន់តែរីកចំរើនបន្ថែមទៀត»៕