(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបើកវេទិកាពិគ្រោះយោបល់ស្ដីពី ការពង្រឹងសហភាពជាដៃគូរវាងរដ្ឋបាលខេត្ត អង្គការសហគមន៍ និងសហគមន៍នានាក្នុងមូលដ្ឋានខេត្ត ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែរីកចម្រើនស្របទៅតាមគោលការណ៍ច្បាប់ជាប្រទេសដែលមានប្រជាធិបតេយ្យ និងនីតិរដ្ឋពេញលេញ។

ពិធីនេះមានការចូលរួមក្រោមវត្តមានលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង អង្គការសមាគម និងសហគមន៍នានាក្នុងមូលដ្ឋានខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានឱ្យដឹងថា រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនៅយុទ្ធសាស្ត្រថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តចីរភាពឱ្យសម្រេចបាន នៅចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ដោយមានគន្លឹះអាទិភាពចំនួន ៥រួមមាន៖ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា។

លោក ហាក់ ឡេង បានបន្តថា ដើម្បីសម្រេចបាននៅចក្ខុវិស័យ គឺយើងពិតជាមិនអាចខ្វះបាននូវការចូលរួមពីគ្រប់មជ្ឈដ្ឋាននានា ជាពិសេសភាពជាដៃគូអភិវឌ្ឍន៍ជាមួយអង្គការសង្គមស៊ីវិល ដែលបានធ្វើសកម្មភាពរួមចំណែក ស្ទើរគ្រប់វិស័យ និងជាការកសាងធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាល និងឧបត្ថម្ភដល់សិស្សនិស្សិតនៃគ្រួសារក្រីក្ររួមចំណែកលើគ្រប់វិស័យកសិកម្ម ដោយដោយផ្ដល់នូវពូជសត្វចិញ្ចឹមលើកម្ពស់ សុខភាពប្រជាពលរដ្ឋតាមសហគមន៍។

លោកអភិបាលរងបានបន្តថា វេទិកាកិច្ចសន្ទនាភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលធ្វើឡើង២ដង ក្នុង១ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហការភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសមាគម សហគមន៍ក្នុងដែនសមត្ថកិច្ចដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តកោះកុង ឱ្យកាន់តែរីកចម្រើនស្របទៅតាមគោលការណ៍ច្បាប់ជាប្រទេសដែលមានប្រជាធិបតេយ្យ និងនីតិរដ្ឋពេញលេញ៕