(តាកែវ)៖ ក្រុមជំនួយការលោក ហ៊ុន ម៉ាណែត នៅចុងសប្តាហ៍នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វត្ត និងមន្រ្តីតាមមូលដ្ឋាននៅស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ខេត្តតាកែវ ដោយក្នុងនោះរួមមាន សីុម៉ងត៍ ១០តោន ប្រគេនដល់វត្តបានយ ស្ថិតក្នុុងឃុំអង្កាញ់ ស្រុកព្រៃកប្បាស, សីុម៉ង់ត៍ ០៥តោន កុំព្យូទ័រ ០១គ្រឿង ព្រីនធរ ០១គ្រឿង ផ្តល់ជូនមណ្ឌលសុខភាពពន្លៃ, កំព្យូទ័រ ០១គ្រឿង និងព្រីនធ័រ ០១គ្រឿង ជូនអធិការដ្ឋាននគរបាលស្រុកអង្គរបូរី, កំព្យូទ័រ ០៣គ្រឿង ព្រឺនធ័រ ០៣គ្រឿង និងម៉ាសីុន LCD Projector ០១គ្រឿងផ្តល់ជូនសាលាស្រុកអង្គរបូរី, កំព្យូទ័រ ០៣គ្រឿង ព្រឺនធ័រ ០១គ្រឿង និងម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង ផ្តល់ជូនវិទ្យាល័យសំរោងពន្លៃ ស្ថិតក្នុងឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។
មានមតិជាមួយព្រះសង្ឃ និងលោកយាយលោកតានាឱកាសនោះ លោក កែវ វណ្ណនី ក្នុងនាមអនុប្រធានក្រុមចុះជួយស្រុកអង្គរបូរី និងជំនួសមុខឲ្យក្រុមជំនួយការលោក ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ប្រគេនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងជូនលោកយាយលោកតាទាំងអស់ រួមជាមួយអំណោយផ្តល់ជូនម្នាក់ៗក្រមាមួយ និងថវិកា ៥ពាន់រៀល។
លោក អ៊ុន វណ្ណា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ពុំដែលមានការសន្យានោះទេ មានតែការផ្តល់ជូនទៅតាមលទ្ធភាព ហើយជួយកសាងដោយពុំដែលគិតថាចាញ់ ឬ ឈ្នះ និងនិន្នាការបក្សនយោបាយណានោះទេ។
លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី ជំនួសមុខប្រគេនព្រះចៅអធិការវត្ត និងតំណាងឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋ និងតែងតែដោះស្រាយរាល់ការខ្វះខាតផ្សេងៗទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕