(ភ្នំពេញ)៖ កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ បានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

នាឱកាសនោះលោក ឃួង ស្រេង បានថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ៣យប់ មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាង៥លាននាក់ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាពអ្វីឡើយ។ ជាមួយគ្នានេះ ចំពោះកីឡាករទូក «ង» ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឲ្យមានទីតាំងស្នាក់នៅស្រួលមានបន្ទប់ទឹក មានទីតាំងពិនិត្យសុខភាព មានទីបញ្ជាការស្រាល ដើម្បីរក្សាសន្តិសុខជូនកីឡាករ និងប្រជាពលរដ្ឋ។

លោកបានលើកឡើងថា «បញ្ហាសំរាម យើងគ្រប់គ្រងការប្រមូលទុកដាក់សម្រាមបានល្អប្រសើរជាមួយក្រុមហ៊ុនប្រមូលដឹកជញ្ជូនសម្រាម ដោយកន្លងមកក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល៣ថ្ងៃ ៣យប់នេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រើប្រាស់ថវិការាប់ពាន់លានរៀល ដើម្បីបោសសំអាត និងដឹកជញ្ជូនសំរាម តែសម្រាប់ឆ្នាំនេះ យើងបានបង្វែរថវិកានេះទៅជួយឧបត្ថមកងកម្លាំងវិញ»។

លោកបន្តថា «អនុវត្តតាមការណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យើងបានបំពាក់កាំមេរ៉ាសុវត្ថិភាព បង្កងាយស្រួលដល់កម្លាំងមានសមត្ថកិច្ច លើការគ្រប់គ្រងសន្តិសុខ ដែលបានធ្វើឲ្យ ពិធីបុណ្យជាតិ ដ៏ធំនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិនិងអន្តរជាតិ»

លោក ម៉ប់ សារិន បានកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលអនុវត្តការងារលើការប្រារព្ធពិធីបុណ្យខួបលើកទី៧០ ទិវាបុណ្យឯករាជ្យ-ជាតិ ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ទទួលបានជោគជ័យ និងសាទរពីប្រជាពលរដ្ឋ បន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំកន្លងមក ដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

លោកបានវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលរាជធានីភ្នំពេញ មន្រ្តី-រាជការ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំ គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ និងបណ្តាក្រុមហ៊ុនឯកជន ដែលបានសហការគ្នាល្អរៀបចំប្រារព្ធព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ ធានាបាននូវការថែរក្សា ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ការការពារសុវត្ថិភាពបាន ល្អប្រសើរ។

លោកថា ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះកររហូតដល់ជាង៥លាននាក់ ចូលរួមអបអរសាទរ សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហា សន្តិសុខ សុវត្ថិភាព អ្វីឡើយដែលញ៉ាំងឱ្យពិធីបុណ្យនេះ ប្រព្រឹត្តទៅដោយរលូន និងមានភាព អធិកអធម សប្បាយរីករាយធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានមុខមាត់ មានកិត្យានុភាព ហើយអំណោយផលដល់វិស័យទេសចរណ៍។ នេះជាការឆ្លុះបញ្ចាំងអំពីតថភាព ជាក់ស្ដែង នៃការអភិវឌ្ឍរបស់កម្ពុជា ហើយក៏ជាជោគជ័យ និងមោទនភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោមម្លប់ត្រជាក់នៃសន្តិភាព។

លោក ម៉ប់ សារិន ថ្លែងទៀតថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ប្រជាជនបានកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំបន្តវេនប្រកបដោយថាមពល និងភាពស្វាហាប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលគ្រាន់តែក្នុងរយៈពេល១០០ថ្ងៃ សម្រេចបានជោគជ័យ ក្នុងការដាក់ចេញនូវកម្មវិធីទាំង ០៦ចំណុច ដែលជាការចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕