(ភ្នំពេញ)៖ បុគ្គលិក និងថ្នាក់ដឹកនាំ មន្ទីរពេទ្យព្រះកុសុមៈជិត៣០០នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២១០២៣ បានរួមគ្នាបរិច្ចាគឈាម ក្រោមប្រធានបទ «ការសង្គ្រោះជីវិត គឺការបរិច្ចាគឈាមទាំងអស់គ្នា»។ កម្មវិធីនេះ បានប្រព្រឹត្តិឡើងពេញមួយថ្ងៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមានការអញ្ជើញចូលរួមពីលោក វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកវេជ្ជបណ្ឌិត តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងសប្បុរសជន បុគ្គលិក នៃមន្ទីរពេទ្យព្រះកុសុមៈជាច្រើននាក់។

ពិធីបរិច្ចាគឈាមរបស់សប្បុរសជន នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ នាថ្ងៃនេះទទួលបានការសហការរៀបចំ និងឧបត្ថម្ភគាំទ្រ ពីសំណាក់ ទឹកពិសាវីតាល់ និងមីជាតិ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ អំពីការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព ទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិពីស្លាកសញ្ញា នៃផលិតផលរបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី។

លោកវេជ្ជបណ្ឌិត តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានថ្លែងថា ជារៀងរាល់ថ្ងៃ​ មន្ទីរពេទ្យព្រះកុសុមៈទទួលអ្នកជំងឺ ដែលមានគ្រោះថ្នាក់ និងសង្គ្រោះបន្ទាន់ ត្រូវការឈាមជាចាំបាច់ដើម្បីបញ្ចូល ជាច្រើននាក់ ក្នុងនោះមន្ទីរពេទ្យទទួលបានការផ្គត់ផ្គង់ ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានអំណោយឈាម បានមកពីការបរិច្ចាគនៃគ្រប់មជ្ឍដ្ឋាន ដើម្បីសង្គ្រោះដល់អ្នកជំងឺ។

លោកនាយកមន្ទីរពេទ្យ បានបន្តទៀតថា ការរៀបចំពិធីបរិច្ចាគនាថ្ងៃនេះ គឺជាចំណែកមួយ នៃការបំពេញស្តុកឈាម បន្ថែមសម្រាប់តម្រូវការជាចាំបាច់របស់អ្នកជំងឺ។ ជាមួយគ្នានេះ តាងនាមឱ្យបុគ្គលិក និងថ្នាក់ដឹកនាំនៃមន្ទីពេទ្យ សូមថ្លែងអំណរគុណដល់ វីតាល់ មីជាតិ ដែលបានផ្តល់ការគាំទ្រ និងចូលរួមឧបត្ថម្ភទាំងស្រុង ដល់ដំណើរការរៀបចំពិធីនាពេលនេះ និងសូមបន្តចូលរួមគាំទ្រ នៅឆ្នាំក្រោយៗបន្ថែមទៀត។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយឃើញពីសកម្មភាពផុសផុល នៃអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមនាពេលនេះ។ លោកស្រីបានលើកឡើងថា «ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម យើងទាំងអស់គ្នាពិតជាសប្បាយ រីករាយជាខ្លាំង ដែលមន្ទីរពេទ្យព្រះកុសុមៈ បានរួមគ្នាស្ម័គ្រចិត្ត ដើម្បីបរិច្ចាគឈាមក្នុងថ្ងៃនេះ ហើយឈាមដែលបរិច្ចាគនេះ នឹងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ បានទាន់ពេលវេលា ពីព្រោះមជ្ឈមណ្ឌល នឹងមានលទ្ធភាពផ្តល់ឈាម ជូនអ្នកជំងឺភ្លាមៗ ប្រសិនបើគាត់មានតម្រូវការបន្ទាន់ ដោយមិនតម្រូវឱ្យរមានការបរិច្ចាគដើម្បីផ្លាស់ប្តូរឡើយ»

ជាមួយគ្នានេះលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច តំណាងលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់ / មីជាតិ) បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការឆ្នាំដំបូង នៃកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំកម្មវិធីទទួលយកអំណោយ ឈាមពីសប្បុរសជន និងបុគ្គលិក ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យ។

លោកបានបន្ថែមទៀតថា វីតាល់ បានកំណត់អាទិភាពការងារ របស់ខ្លួន មិនត្រឹមតែផ្តល់ជូននូវទឹកពិសា និងផលិតផល ដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងអនាម័យ ប៉ុណ្ណោះទេ តែការចូលរួមសកម្មភាពសង្គម គឺជាកិច្ចការមួយទៀតដែល វីតាល់ បានចាត់ទុកជាអាទិភាពផងដែល។

តួយ៉ាងដូចអ្វី ដែលបានកំពុងរៀបចំនាពេលនេះ គឺកើតឡើងបាន ក៏ដោយសារ មានការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលវីតាល់ ដែលជានិច្ចកាលតែងតែ បន្តរក្សាបេសកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប បង្វិលចូលមូលនិធិ សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជម្រុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់ការបង្កើតអោយមាន គម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបតម្រូវការសង្គមលើគ្រប់វិស័យ ពិសេសគឺយុទ្ធនាការ និងកម្មវិធីផ្តល់អំណោយឈាម ដោយស្ម័គ្រចិត្ដប្រកបក្តីមេត្តាករុណា និងមិនគិតកម្រៃ របស់អ្នកបរិច្ចាគឈាម។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានកោតសសើរចំពោះកាយវិការសប្បុរសរបស់បុគ្គលិក និងថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលក្រៅពីតួនាទីភារកិច្ច ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គោរពក្រមសីលធម៌ ត្រឹមត្រូវប៉ុណ្ណោះទេ លើសពីនេះគ្រូពេទ្យយើង បានបរិច្ចាគឈាមជូនអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់ថែមទៀត។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនវីតាល់, មីជាតិ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូទាំងអស់ នៃកម្មវិធីបរិច្ចាគឈាម ដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែម ដល់តម្រូវការឈាមជាចាំបាច់។

ក្នុងកម្មវិធីបរិច្ចាគឈាម នៅចុងឆ្នាំ២០២៣ របស់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈក្រោមការសហការជាមួយវីតាល់ និងមីជាតិ រយៈពេលពេញមួយថ្ងៃនេះ ទទួលបានអំណោយឈាមសរុបប្រមាណ៣៣៣ប្លោក ។

គួររំលឹកថា ក្នុងកិច្ចសហប្រតិបត្ដិការ១០ឆ្នាំរវាងមូលនិធិ២៥រៀល របស់វីតាល់ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កន្លងមកនេះបានស្ថាប័នទាំងពីរ បានធ្វើការប្រមូល អំណោយឈាម ពីសប្បុរសជនដោយស្ម័គ្រចិត្ដ សរុបចំនួន ១២០,៤៥៧ ប្លោក ស្មើនឹង ៤២,១៥៩,៩៥០មីលីលីត្រឈាម។ វីតាល់ ដែលមានមូលនិធិ២៥៛ នឹងបន្តរក្សា នូវមូលដ្ឋាន នៃការឧបត្ថម្ភគាំទ្រ ក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាម ដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន ដើម្បីចូលរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមបន្ទាន់ ក្នុងព្រះរាជាណាចក្រកម្ពុជា៕