(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ «រាត្រីចងចាំ» លើកទី៤ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ មានការបង្ហាញជូននូវទស្សនីយភាពសិល្បៈចម្រុះដ៏សម្បូរបែប របាំបុរាណ ល្ខោនទំនើបចម្រុះ ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរដ៏ប្រណិត ការប្រគំតន្ត្រីសម័យច្នៃបែបទំនើប ដែលចូលរួមដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឱ្យក៏ក្រើកជាថ្មីលើទឹកដីអង្គរ។

យោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីសកម្មភាពក្រៅឆាកនិងការហ្វឹកហាត់សមរបស់តារាចម្រៀង និងសិល្បករ សិល្បការិនីល្បីៗ ត្រៀមសម្រាប់មហាព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធីឆ្លងស្នាដៃទស្សនីយភាពសម្តែងផ្សេងៗ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំគឺព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» ដើម្បីចូលរួមអបអរសាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ-សិល្បការិនី ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នាដោយប្រើប្រាស់ពេលវេលាខ្លី តែសម្តែងបានល្អគួរឱ្យកត់សម្គាល់។

សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍រាត្រីចងចាំជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកដល់កូនខ្មែរគ្រប់ជំនាន់ក្រោយ ត្រូវចងចាំនឹងមានកាតព្វកិច្ចត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជានិងទូទាំងសកលលោក។ ព្រឹត្តិការណ៍នេះ អនុញ្ញាតឲ្យចូលរួមទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ល្ងាចតទៅ៕