(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បានចេញមកស្រាយបំភ្លឺ និង ច្រានចោលភ្លាមៗ ចំពោះការចោទប្រកាន់រូបលោកថា បានឃុបឃិតវាតទីយកដីប្រជាពលរដ្ឋនៅច្រក៤០០ ក្នុងស្រុកសំឡូតខេត្តបាត់ដំបង។ មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា ប្រសិនបើរូបលោកបានយកដីពីប្រជាពលរដ្ឋនៅតំបន់នោះតែមួយចំអាម លោកនឹងលាលែងចេញ ពីតំណែងរបស់រាជរដ្ឋាភិបាលភ្លាម។
នៅព្រឹកថ្ងៃទី២២ ខែសីហា នេះ ប្រជាពលរដ្ឋម្នាក់មានគណនេយ្យ Facebook ឈ្មោះ «Peth Sophea» បានសរសេរប្តឹងដោយផ្ទាល់ នៅក្នុងទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន ដោយចោទថា លោកទេសរដ្ឋមន្រ្តី សេរី កុសល បានមកអុកឡុក និងវាតទីយក ដីប្រជាពលរដ្ធច្រក៤០០ ក្រោមហេតុផលថា ជាដីរបស់ក្រសួងបរិស្ថាន។
ក្រោយទទួលបានការចោទប្រកាន់នេះ លោក សេរី កុសល ក៏បានឆ្លើយបំភ្លឺតបតាមទំព័រ Facebook របស់សម្តេចតេជោវិញភ្លាមៗផង ដែរ។ លោក សេរី កុសល បានតបថា ម្ចាស់គណនេយ្យ Facebook «Peth Sophea» កំពុងភូតកុហកសម្តេចតេជោ ស្ទើរទាំងស្រុង។
លោក សេរី កុសល បានបន្តថា ដីនៅតំបន់នោះជាដីរបស់រដ្ឋ ហើយប្រហែលជាម្ចាស់គណនេយ្យ Facebook «Peth Sophea» បាន ទទួលផលប្រយោជន៍ពីការសន្យារបស់ជនខិលខូចណាម្នាក់ ដែលធ្លាប់ចង្អុលព្រៃលក់ជាប្រចាំនៅទីនោះ ទើបឈានដល់ការហ៊ានកុហក សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោក សេរី កុសល បានរៀបរាប់ឲ្យដឹងពីសវតាដីនៅតំបន់នោះថា ជាដីមូលដ្ឋានចាស់របស់លោក ដែលអ្នកណាក៏គេដឹង ហើយលោក បានឲ្យមនុស្សថែរក្សារហូតក្នុងរង្វង់មួយត្រឹមត្រូវ តែដោយសារតំបន់នោះមានមីននិងគ្រាប់ច្រើនក្រាស់ឃ្មឹក ទើបគ្មានអ្នកណាហ៊ានចូល។ លុះក្រោយមកលោកបានស្នើសុំផ្លូវចូលច្រក៤០០ ទៅសម្តេចតេជោ ហ៊ុន សែន តាំងពីជំនាន់ យីង ឡាក់ជានាយករដ្ឋមន្ត្រីថៃ។
លោកបន្តថា ក្រោយមកសម្តេចតេជោ ចង់ធ្វើឲ្យតំបន់នោះក្លាយជាកន្លែងអភិវឌ្ឍន៍ ទើបរូបលោក បានសរសេរលិខិតពីរច្បាប់ស្នើសុំរៀប ចំមូលដ្ឋានចាស់ទាំងពីរឡើងវិញ សម្រាប់ឲ្យអ្នកសិក្សាស្រាវជ្រាវដឹងពីនយោបាយឈ្នះៗរបស់សម្តេចតេជោ និងរៀបចំឲ្យទៅជាតំបន់ ទេសចរ សម្រាប់ស្រុកសំឡូតយកផលប្រយោជន៍។ បើតាមលោក សេរី កុសល លិខិតទាំងពីរនោះ លិខិតមួយ ចូលទៅអភិបាលខេត្ត បាត់ដំបង និងលិខិតមួយទៀតចូលទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោកបញ្ជាក់ថា «ខ្ញុំបានទទួលការលើកទឹកចិត្តឲ្យអនុវត្តឲ្យបានលឿនពីស្ថាប័នជាតិទាំងពីរ ដោយសារបញ្ហាចម្បង គឺមីន និងគ្រាប់ ដែលខ្ញុំអាចនឹងធ្វើបាន ខ្ញុំបានចាត់ចែងហើយដោយកំពុងបន្តរុករកដោយស៊ីម៉ាក់ រកឃើញដល់ថៃ្ងនេះ មីនគ្រប់ប្រភេទ ២,៤១៣គ្រាប់ ដែលអ្នករាវមីនមិនដែលជួបក្នុងប្រវត្តិរាវមីនកន្លងមក ទុកតម្កល់នៅកន្លែងនោះឲ្យមើល»។
ក្រោយការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ អភិបាលស្រុកសំឡូត និងប្រជាជននៅតំបន់មានក្តីត្រេកអរខ្លាំង ពីព្រោះពួកគេអាចទៅលេង ទឹកបាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សេរី កុសល។
លោកទេសរដ្ឋមន្រ្តី បានឲ្យដឹផងដែរថា រូបលោកអត់ដែលបានស្នើសុំដីនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនម្តងណាសោះនោះទេ បើទោះបីជាដី នោះគ្មានប៉ះពាល់អ្វីជាមួយប្រជាជនតំបន់នោះមួយគ្រួសារក៏ដោយនោះ។ លោកអះអាងបែបចំអកទៅអ្នកចោទរូបលោកថា លោក និង សហការីអភិវឌ្ឍន៍ដីតំបន់នោះជូនប្រជាពលរដ្ឋស្រុកសំឡូត ដែលខុសឆ្ងាយណាស់ពីបក្ខពួកអ្នកចោទប្រកាន់រូបលោក ដែលដើរចង្អុល ព្រៃលក់។
លោក សេរី កុសល បានសង្កត់ធ្ងន់ថា «ខ្ញុំផ្ទាល់ពុំដែលមានប្រវត្តិយកដីរាស្ត្រណាមួយទោះមួយចំអាម ក៏គ្មាន អត់លោភលន់នោះទេ។ រឿងនរណាមួយជាមួយបរិស្ថានក្តី ស្រុកក្តី ឥតទាក់ទងជាមួយខ្ញុំទេ។ កោតលោកកុហកកើត គ្មានអ្នកស្រុកម្នាក់សោះនៅទីនោះ ក្រៅពី កងទ័ព និងខ្ញុំ»។
លោក សេរី កុសល បានបង្ហើបប្រាប់ Fresh News នៅថ្ងៃចន្ទ ទី២២ ខែសីហានេះថា រូបលោកបានស្គាល់យ៉ាងច្បាស់អ្នកបានចោទ ប្រកាន់រូបលោក។ តែរូបលោកសុំមិនបញ្ចេញ ដើម្បីរក្សាកិត្តិយស។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមទៀតថា បើសាធារណជនចង់ដឹងឲ្យកាន់តែច្បាស់ទៀត គឺអាចទៅសួរប្រជាពលរដ្ឋនៅតំបន់ច្រក៤០០។ លោកទេសរដ្ឋមន្រ្តី សេរី កុសល បានបញ្ជាក់ទៀតថា ដីនៅតំបន់នោះមិនដែលមានប្រជាពលរដ្ឋទៅរស់នៅនោះឡើយ ហើយបើពលរដ្ឋ ណា មានឯកសារបញ្ជាក់កម្មសិទ្ធដីធ្លីនៅតំបន់នោះ អាចយកទៅជជែកជាមួយរូបលោក។
លោក សេរី កុសល បានបញ្ជាក់ថា បើទោះបីតំបន់នោះ ត្រូវបានអភិវឌ្ឍន៍ និង ដោះមីនអស់យ៉ាងណាក្តី តែរូបលោកមិនបានលុបរណ្តៅ ត្រង់សេនោះទេ ដោយលោកចង់ទុកអត្តសញ្ញាណកន្លែងនោះ ឲ្យពលរដ្ឋជំនាន់ក្រោយដឹងថា ជាកន្លែងសមរភូមិប្រយុទ្ធ ដ៏ស្រួចស្រាវ មួយក្នុងសម័យសង្រ្គាមរវាងខ្មែរ និងខ្មែរ៕
(រូបកណ្តាល) លោកទេសរដ្ឋមន្រ្តី សេរី កុសល អង្គុយមើលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលយកចេញពីក្នុងដីក្បែរច្រក៤០០ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង