(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោស ព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌សម្រាប់ខែ សីហា ឆ្នាំ២០១៦នេះ។
ក្នុងលិខិតថ្លែងអំណរព្រះគុណថ្វាយ ព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី២៥ ខែសីហានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាក្សត្រខ្មែរ ជាទីគោរពសក្តារៈ ដ៏ខ្ពង់ខ្ពស់បំផុត តែងតែងប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់សង្រ្គោះប្រជារាស្រ្តកម្ពុជា ក្រីក្រទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ តែងបានព្រះរាជទានព្រះរាជទ្រព្យ របស់ព្រះអង្គ ១ពាន់ដុល្លារជារៀងរាល់ខែ ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕