(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជាង៣ខែមកនេះ បានពង្រឹងនិងពង្រីកចំណងទំនាក់ទំនងល្អ ជាមួយដៃគូចាស់ និងថ្មី ខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផ្នែកនយោបាយផងដែរ។

ជាក់ស្តែង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានចាត់តាំងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបានជោគជ័យថ្មីបន្ថែមទៀត នៅក្នុងគោលនយោបាយរបស់កម្ពុជាលើឆាកអន្តរជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត នៅក្នុងដំណើរទៅចូលរួមសន្និសីទកំពូលលើកទី២៨នេះ បានបញ្ជាក់ថា៖ «កម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការចូលរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយបាននាំនូវកាដូ ដែលជាយន្តការ និងយុទ្ធសាស្រ្តសំខាន់ចំនួន៧ ដាក់ជូន និងពិភាក្សាក្នុងសន្និសីទពិភពលោកនេះរួមមាន៖

ទី១៖កម្ពុជាបានធ្វើការប្តេជ្ញាចិត្តលុបចោលគម្រោងរោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនី ដើរដោយឧស្ម័ន LPG វិញ។
ទី២៖ ប្រទេសកម្ពុជាអភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០មេហ្គាវ៉ាត់ ឱ្យបានមុនឆ្នាំ២០២៨។
ទី៣៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយក្រសួងបរិស្ថានបង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត ៧០%។
ទី៤៖ យុទ្ធសាស្ត្រកម្ពុជាស្អាត តាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹង និងរាវដែលមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាជាង៣លាននាក់ និងកំពុងកើនឡើងបន្តបន្ទាប់។
ទី៥៖ យុទ្ធសាស្ត្រកម្ពុជាបៃតង តាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិចចំនួន១លានដើម ក្នុងមួយឆ្នាំពង្រីកគម្របព្រៃឈើ បាន៦០% នៅឆ្នាំ២០៥០។
ទី៦៖ កម្ពុជាបន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។
និងទី៧៖ បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ។

សន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ចាប់ផ្តើមបើកជាផ្លូវកា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានមេដឹកនាំរដ្ឋភាគីចំនួន១៩៦ប្រទេស បុគ្គលល្បីៗ អ្នកវិទ្យាសាស្រ្ត តំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ប្រទេសអ្នកសង្កេតការណ៍ អ្នកសារព័ត៌មានចូលរួម សរុបចំនួនជិត ៧០,០០០នាក់។

លោកបណ្ឌិត អ៊ាង សុផល្លែត ត្រូវបានទទួលស្វាគមន៍ ដោយមេដឹកនាំពិភពលោក នៅលើឆាកសន្និសីទ។

បន្ទាប់មកសេចក្តីប្រកាសរួមស្តីពីប្រព័ន្ធស្បៀងដែលមានភាពធន់ និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ ត្រូវបានប្រកាសជាផ្លូវនៅCOP28 នាទីក្រុងឌុយបៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងជាមួយការប្ដេជ្ញាចិត្តរបស់កម្ពុជា លើសេចក្ដីប្រកាសជាសកល ស្ដីពីនិរន្តភាពប្រព័ន្ធស្បៀង វិស័យកសិកម្ម និងសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលបានផ្ដោតលើអាទិភាព ចំនួន៣រួមមាន៖

ទី១៖ ការលើកកម្ពស់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន ដែលងាយរងគ្រោះដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ទី២៖ ការតស៊ូមតិសម្រាប់សន្តិសុខស្បៀង និងសុខុមាលភាពអាហារូបត្ថម្ភសម្រាប់អ្នកដែលត្រូវការជំនួយជាពិសេស អ្នកដែលជួបប្រទះការខាតបង់ និងការខូចខាតពីគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
និងទី៣៖ ពង្រីកការអនុវត្តកសិកម្មឆ្លាតវៃ និងយុទ្ធសាស្ត្របញ្ចេញកាបូនទាបជាធាតុផ្សំសំខាន់នៃការសម្របខ្លួន និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអាកាសធាតុ។

បណ្តាប្រមុខដឹកនាំប្រទេសជាង១២០ ក្នុងនោះកម្ពុជា ដែលតំណាងដោយលោកបណ្ឌិត អ៊ាង សុផល្លែត បានអនុម័តសេចក្តីប្រកាសរួមជាផ្លូវការ ស្តីពីប្រព័ន្ធស្បៀង ដែលមានភាពធន់និរន្តរភាពកសិកម្ម និងសកម្មភាពអាកាសធាតុ នៅក្នុងក្របខ័ណ្ឌនៃសន្និសីទ COP28។ សារៈសំខាន់នៃប្រកាសរួមនេះ មានខ្លឹមសារស្របទៅនឹងការតាំងចិត្ត របស់រាជរដ្ឋាភិបាល ស្តីពីកសិកម្មវៃឆ្លាត ការកាត់បន្ថយការបញ្ចេញកាបូន និងការអភិវឌ្ឍដោយចីរភាព។

នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77 + China ក្នុងក្របខណ្ឌនៃ COP28 នៅក្នុងទីក្រុងឌូបៃ ដោយបានពិភាក្សានិងបង្ហាញជំហររួមមួយក្នុងការឆ្លើយតប ទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ លើពិភពលោក ដែលជាការតាំងចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសន្ទរកថាគន្លឹះផ្តោតសំខាន់លើការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលចូលរួមចំណែកយ៉ាងសកម្មបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សានិងពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់និងសកលលោក ជាពិសេសក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុផង និងបង្ហាញពិភពលោកផងដែរ អំពីសុខសន្តិភាព និងស្ថេរភាពកម្ពុជាបន្ថែមទៅដោយភាពស្អាត ភាពបៃតង ដែលកម្ពុជាកំពុងមានដែលជាគោលដៅ សម្រាប់ទេសចរណ៍ វិនិយោគ និងអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន ឈានឆ្ពោះទៅជាប្រទេសអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រិតកាបូននៅឆ្នាំ២០៥០។

ក្នុងឱកាសនៃសន្និសីទកំពូល COP28 នៅទីក្រុងឌូបៃនេះដែរ, លោកបណ្ឌិត អ៊ាង សុផល្លែត បានចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លើឯកសាររបស់ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទីនិងភារកិច្ចសម្រាប់សហស្ថាបនិកនិងសមាជិក ក្រោមប្រធានបទស្តីពី សម្ព័ន្ធភាពជើងឯក សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងពិធីនោះថ្នាក់ដឹកនាំប្រទេសន័រវ៉េស ប្រទេស Sierra Leone ប្រទេសរវ៉ាន់ដា និងប្រទេសប្រេស៊ីល បានអញ្ជើញចូលរួមចុះហត្ថលេខាផងដែរ។

បន្ទាប់មកទៀតលោកបណ្ឌិតរដ្ឋមន្រ្តី តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធី ស្តីពីការពន្លឿនការផ្លាស់ប្តូរ នៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus) ដោយបានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុបានប៉ះពាល់អវិជ្ជមានទៅលើសុខភាពសាធារណៈ ដោយបង្កឱ្យកើនឡើងអន្តិសុខស្បៀង និងហិរញ្ញវត្ថុដែលនាំឱ្យកង្វះអាហារូបត្ថម្ភ និងរបបអាហារ។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអាទិភាពរបស់កម្ពុជា រួមមាន៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការដាំដើមឈើ១លាន ក្នុង១ឆ្នាំ គឺសំដៅបង្កើនគម្របព្រៃឈើឱ្យបាន៦០% ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្មផងដែរ។

ឆ្លៀតក្នុងឱកាសពីការចូលរួមសន្និសីទ COP-28 នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ទទួលជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុន C-Quest Capital នៃប្រទេសសិង្ហបុរី អំពីការបើកទំព័រថ្មីនៃការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួបលោក Winfried Wicklein, អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ADB ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួប លោកស្រី Patricia Zurita, អគ្គនាយិកាផ្នែកយុទ្ធសាស្ត្រ អង្គការអភិរក្សអន្តរជាតិ CI ក្នុងគោលបំណងពិភាក្សាលើ ការពង្រឹង និងពង្រីកកិច្ចសហការក្នុងភាពជាដៃគូ រវាងភាគីទាំងពីរលើការអភិរក្សធនធានធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣- ២០២៨។

លោកបណ្ឌិត អ៊ាង សុផល្លែត បានទទួលជួប លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ (UNFF) ដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ។

សូមបញ្ជាក់ថា នៅក្នុងបេសកកម្ម លោករដ្ឋមន្រ្តី បានអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគី ទ្វេភាគី ជាច្រើនផ្សេងទៀត ដែលរាល់ជំនួបកម្ពុជា ទទួលបានការគាំទ្រ លើការប្តេជ្ញាចិត្ត សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងនៅកម្រិតជាតិ និងក្នុងក្របខណ្ឌសកល។

ក្នុងជំនួបនីមួយៗ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានលើកឡើងអំពីវិស័យអាទិភាព និងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការដាំឈើ ឬស្សីជាដើម និងការជំរុញកម្ពុជាស្អាត តាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសគាំទ្រ ចំពោះយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានផ្តល់អាទិភាពទៅ លើភាពស្អាត ភាពបៃតង និងចីរភាព៕