(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, អគ្គនាយករង, និងសហការីក្រុមគ្រួសារធនាគារ ARDB ទាំងអស់សរុបចំនួន ២៤៨នាក់ នាព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ នៅសណ្ឋាគារហ្គាឌិនស៊ីធី។

លោក ចាន់ សីហា អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងលោកបណ្ឌិត កៅ ថាច បានលើកឡើង នាឱកាសបើកកម្មវិធីថា ដើម្បីគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាល គាំទ្របម្រែបម្រួលអាកាសធាតុ និងជំរុញដល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត និងការជំរុញហិរញ្ញប្បទានបៃតងដើម្បីអភិវឌ្ឍន៍ដោយចីរភាព និងទាញចំណាប់អារម្មណ៍របស់បុគ្គលិក សម្រាប់ការរៀបចំផែនការ ការងាររបស់ខ្លួនឲ្យស្របតាមបរិបទថ្មី។

នាពេលបិទកិច្ចប្រជុំ លោកបណ្ឌិត កៅ ថាច បានថ្លែងថា រយៈពេល ២៥ឆ្នាំនេះ ធនាគារមានការវិវត្តច្រើន បើធៀបនឹងឆ្នាំកន្លងទៅ។ ជាក់ស្ដែងកាលពីដំបូងឡើយមានបុគ្គលិកតិច រហូតមកដល់បច្ចុប្បន្នមានបុគ្គលិកច្រើន។ ការវិវត្តនេះ គឺបង្ហាញពីការខិតខំប្រឹងប្រែងរបស់គ្រួសារ ARDB របស់ពួកយើងទាំងអស់គ្នា។

លោកបណ្ឌិត កៅ ថាច បានថ្លែងថា «នៅឆ្នាំ២០២៣នេះ លទ្ធផលការមានការកើនឡើងជាងឆ្នាំមុន និងសម្រេចបានលទ្ធផលការងារច្រើន បើទោះបីមានបញ្ហាជំងឺកូវីដ-១៩។ ខ្ញុំសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបុគ្គលិក ARDB ទាំងអស់ ដែលតែងតែខិតខំបំពេញការងារប្រកបដោយវិជ្ជាជីវៈរបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមផែនការអាជីវកម្ម ៣ឆ្នាំរំកិល»

ជាមួយគ្នានេះ លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំដល់បុគ្គលិកដែលបានចូលរួមកិច្ចប្រជុំទាំងអស់ នឹងបន្តរៀបចំផែនការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីជំរុញឲ្យសម្រេចបាននូវផែនការការងាររបស់ខ្លួន និងធនាគារទាំងមូល សំដៅចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕