សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យមន្ត្រីកាកបាទក្រហម នាំយកថវិកាចូលបុណ្យសពកុមារ ៣នាក់បងប្អូន ដែលស្លាប់ដោយសារលង់ទឹក នៅខេត្តសៀមរាប
22-08-2016 18:52
(សៀមរាប)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានចាត់ឱ្យលោកស្រី មាស សន អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមបុណ្យសព និងនាំយកថវិកា គ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសារសព របស់កុមារទាំង៣នាក់បងប្អូន ដែលបានស្លាប់ដោយសារ លង់ទឹក នៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប កាលពីម្សិលមិញ។
ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រី មាស សន បានសម្ដែងនូវការសោកស្ដាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់កូនៗ ជាទីស្រឡាញ់ និងបានជូននូវថវិកា៥លានរៀល, អង្ករ១០០គីឡូក្រាម, មី៤កេស, ទឹកក្រូច៤កេស និងទឹកបរិសុទ្ធ១០យួរ ដល់ក្រុមគ្រួសារសព សម្រាប់ប្រើប្រាស់។
សូមជម្រាបថា ហេតុការណ៍ដ៏គួរឱ្យសង្វេគនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចប្រឡាយទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ដែលបណ្តាលឱ្យក្មេងប្រុសស្រីចំនួន៥នាក់ (ក្នុងនោះ៤នាក់ជាបងប្អូនបង្កើត) បានលង់ទឹកជម្រៅ ៤.៥ម៉ែត្រ បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឱ្យក្មេងចំនួន៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណៈក្មេង២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ៕