(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកលើកិច្ចការបរទេស បានអះអាងថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់បណ្តាប្រទេសនានា គ្មានឡើយអារម្មណ៍ក្រោមសម្ពោធប្រទេសនេះ ឬប្រទេសនោះ ឬក៏សម្ពាធ​ត្រូវ​តែធ្វើល្អជាមួយប្រទេសនេះ ឬប្រទេស។

លោក ហ្សង់ហ្វ្រង់ស័រ គូសបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ច​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសវៀតណាម កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ការ​អះអាងនេះ ជាការឆ្លើយតបនឹងការអត្ថាធិប្បាយមួយចំនួន ដែលបានធ្វើការសន្និដ្ឋានទៅ​លើ​ដំណើរ​ទស្សនកិច្ចរបស់​សម្តេច​ធិបតីទៅកាន់ប្រទេសវៀតណាម ក្រោមហេតុផលបែបនេះ ឬបែបនោះ។

លោក ហ្សង់ហ្វ្រង់ស័រ បានគូសដូច្នេះ «គោលការណ៍របស់កម្ពុជាតាំងពីដើមឡើយមិនដែលផ្លាស់ប្តូរទេ តាំងពីសម្តេចតេជោ តរហូតដល់សម្តេចធិបតី គោលការណ៍របស់កម្ពុជា គឺពង្រីកមិត្តភាព ពង្រឹងមិត្តភាព​ចាស់ ពង្រីកមិត្តភាពថ្មី»

លោក ហ្សង់ហ្វ្រង់ស័រ បានគូសរំលេចថា ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ជាដំណើរទស្សនកិច្ច​ពង្រីកមិត្តភាព ទំនាក់ទំនងក្នុងនាមប្រទេសមានភូមិផងរបងជាប់គ្នា ហើយគោលដៅសំខាន់ការពង្រីក​ទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកកិច្ចអភិវឌ្ឍន៍គ្រាដែលប្រជាពលរដ្ឋកំពុងចង់ឃើញការស្ទុះឡើង​វិញផ្នែក​សេដ្ឋកិច្ច៕