(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលើការកិច្ចការបរទេស បានទទូចដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវប្រកាន់គោលការណ៍ «ខួរក្បាលធំជាងអណ្តាត» ដើម្បីខ្មែរអាចទាញបានប្រយោជន៍ពីទំនាក់ទំនងអន្តរជាតិ។
សំណើរបស់លោក ហ្សង់ហ្វ្រង់ស័រ ជាការប្រតិកម្មតបទៅនឹងក្រុមអ្នកវិភាគក្រៅប្រទេស ដែលបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសវៀតណាម ជាការស្អំចិត្តស្អំបេះដូងវៀតណាម បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយប្រទេសចិន។
លោក ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា លោកមិនទោមនស្សទេ នឹងការប្រើប្រាស់ពាក្យ «ស្អំបេះដូង» នោះទេ។ សម្រាប់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលជាអ្នកជំនាញលើកិច្ចការភូមិសាស្ត្រមួយរូប យល់ឃើញថា នយោបាយ «ស្អំបេះដូង» ជានយោបាយការទូតមួយដ៏ទន់ភ្លន់។
លោកបានគូសបញ្ជាក់ដូច្នេះ «នៅក្នុងសម័យកាលបច្ចុប្បន្ន នៅក្នុងបរិបថភូមិសាស្ត្រនយោបាយបច្ចុប្បន្ន នយោបាយការទូតទន់ភ្លន់ ក្នុងន័យពង្រីកមិត្តភាពទៅគ្រប់ទីកន្លែងនៅក្នុងតំបន់ និងពិភពលោក ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី គឺជាយន្តការដែលនឹងហុចមកវិញក្នុងរយៈពេលខ្លី មធ្យម ឬវែងនូវផលប្រយោជន៍សម្រាប់ជាតិកម្ពុជា»។
ភ្ជាប់នឹងឆ្លើយតបចំពោះការពាក្យស្អំបេះដូងរបស់ក្រុមអ្នកវិភាគនេះ លោក ហ្សង់ហ្វ្រង់ស័រ ក៏បានឆ្លៀតផ្ញើសារទៅកាន់ក្រុមអ្នកវិភាគ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរឱ្យរួមគ្នាប្រកាន់យកនូវគោលការណ៍ «ខួរធំជាងអណ្តាត» ដែលស្មើនឹងថា «គិតឱ្យច្រើនជាងនិយាយ» ដើម្បីកម្ពុជាអាចទាក់ទាញបានអត្ថប្រយោជន៍ពីទំនាក់ទំនងអន្តរជាតិ។
លោក ហ្សង់ហ្វ្រង់ស័រ បានថ្លែងទទូចបែបនេះ «បើយើងចង់ឃើញកម្ពុជាទាញយកប្រយោជន៍បានពីទំនាក់ទំនងអន្តរជាតិ រវាងបណ្តាប្រទេសជិតខាងរបស់កម្ពុជា រវាងបណ្តាប្រទេសក្នុងតំបន់ នៅលើឆាកតំបន់ ឬលើឆាកអន្តរជាតិ ម្នាក់ៗទាំងអ្នកចេះដឹង ទាំងសាមញ្ញជនធម្មតា ពលរដ្ឋខ្មែរធម្មតា គួរតែប្រកាន់គោលការណ៍មួយ នោះគឺធ្វើយ៉ាងណា [គួរតែមានខួរក្បាលធំជាងអណ្តាត] ពីព្រោះនៅឆាកតំបន់ ឆាកនយោបាយអន្តរជាតិ យើងមិនអាចនិយាយប៉ាតណាប៉ាតណីទេ ពីព្រោះវាអាចប៉ះពាល់ដល់ប្រយោជន៍របស់ជាតិ ប៉ះពាល់ដល់រឿងសម្ងាត់របស់ជាតិ ដល់រឿងសន្តិសុខរបស់ជាតិ»៕
http://image.freshnewsasia.com/2021/id-022/fn-2023-12-13-08-08-46-0.jp