(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាម, លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បានបកស្រាយទៅនឹងការចោទសួរថា តើដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការស្អំបេះដូងវៀតណាមឬយ៉ាងណា?

លោកបានរៀបរាប់ថា កាលពីប៉ុន្មានឆ្នាំមុននេះ អ្នកអត្ថាធិប្បាយនយោបាយស៊ីអារម្មណ៍មួយចំនួនហៅពេញៗមាត់ចំពោះរាជរដ្ឋាភិបាលកម្ពុជាថាជា «អាយ៉ងយួន»។ ពាក្យដ៏ធ្ងន់ធ្ងរនេះ ឥឡូវនេះ តាមការសង្កេតឃើញរបស់លោកឃើញថា ចាប់ផ្តើមស្បើយទៅៗ ពីព្រោះតាមមើលទៅពួកគាត់យល់ដឹងថា ខ្មែរមហាជនខ្មែរចាប់ផ្ដើមយល់កាន់តែច្បាស់ពីយន្តការ និងពីគន្លឹះធំៗភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក បានន័យថា មហាជនខ្មែរយល់កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃថា កម្ពុជាមិនមែនជាអាយ៉ងយួន ឬអាយ៉ងរបស់ប្រទេសណាមួយឡើយ។

លោកបន្តថា «ម៉្លេះហើយទើបអ្នកវិភាគម្នាក់ អត្ថាធិប្បាយនយោបាយ ដែលមាននិន្នាការនយោបាយច្បាស់ក្រឡែត លែងសូវប្រើពាក្យអាយ៉ង តែមកប្រើពាក្យស្អំបេះដូងស្អំចិត្ត យកចិត្តចិនយកចិត្តវៀតណាម គំនិតដើមអត់កែប្រែទេអត់ផ្លាស់ប្ដូរទេ គឺពួកគាត់នៅមានអារម្មណ៍ ឬក៏ចោទច្បាស់ក្រឡែតថា រាជរដ្ឋាភិបាលកម្ពុជានៅតែជាប្រទេសរណប»។

ទោះជាយ៉ាងនេះក្តី លោកជឿថា ពួកគាត់ក៏យល់ដឹងពីសភាពការណ៍ដែរ ថានៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាពិសេសប្រទេសកម្ពុជាក៏ជាប្រទេសសមាជិកដូចវៀតណាមអញ្ចឹងជាសមាជិកអាស៊ាន គ្មានប្រទេសណារណបប្រទេសណា អាយ៉ងប្រទេសណាឡើយ។

លោកបានបញ្ជាក់បន្ថែមថា សូម្បីតែលោកប្រធានាធិបតីលោក ស៊ី ជិនពីង ដែលទើបតែបានទៅដល់ប្រទេសវៀតណាម ក៏គ្មានបំណងចង់ទៅឈ្លោះគ្នានៅហាណូយទេ គឺទៅដើម្បីពិភាក្សាស្រុះស្រួលរកការត្រូវរូវគ្នាទៅវិញទៅមក ម៉្លោះហើយនៅក្នុងបរិបទបែបនេះ បរិបទភូមិសាស្ត្រនយោបាយ តំបន់ ផ្លាស់ប្ដូរដ៏សែនរហ័សជាទីបំផុត។

យ៉ាងណាក៏ដោយ លោកថា រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណអ្នកធ្វើអធិប្បាយនយោបាយទាំងនេះ ដែលប្រើពាក្យស្អំបេះដូង។ ចំពោះលោកពាក្យានេះ មានលក្ខណៈវិជ្ជមានទៅវិញទេ ពីព្រោះវាស្ដែងឲ្យឃើញនូវនយោបាយការទូតទន់ភ្លន់ ជាទីបំផុតរបស់ប្រទេសកម្ពុជា នៅក្នុងសម័យកាលបច្ចុប្បន្ន។ លោកបន្តថា នៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្ន នយោបាយការទូតទន់ភ្លន់ ក្នុងន័យពង្រឹងពង្រីកមិត្តភាពគ្រប់ទីកន្លែងនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ពង្រឹងមិត្តភាពចាស់ពង្រីកមិត្តភាពថ្មី គឺជាយន្តការដែលនឹងហុចមកនារយៈកាលថ្មី មធ្យម ឬវែងនូវផលប្រយោជន៍ប្រទេសកម្ពុជា។

លោកបានផ្ដាំផ្ញើទៅអ្នកវិភាគថា បើសិនចង់ឃើញកម្ពុជាទាញយកប្រយោជន៍បានពីទំនាក់ទំនងអន្តរជាតិរវាងបណ្ដាប្រទេសជិតខាងនៃកម្ពុជារវាងប្រទេសនៅក្នុងតំបន់នៅលើឆាកអន្តរជាតិ ម្នាក់ៗគួរតែប្រកាន់គោលការណ៍មួយ នោះគឺធ្វើយ៉ាងណា «គួរតែមានខួរក្បាលធំជាងអណ្ដាត» ព្រោះនៅលើឆាកតំបន់នៅលើឆាកនយោបាយអន្តរជាតិ យើងមិនអាចនិយាយផ្ដេសផ្ដាសបានទេ ព្រោះវាអាចប៉ះពាល់ដល់ផលប្រយោជន៍របស់ជាតិ ប៉ះពាល់រឿងសម្ងាត់របស់ជាតិ និងប៉ះពាល់ដល់រឿងសន្តិសុខរបស់ជាតិ៕