(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស បានបង្ហាញពីភាពចាំបាច់ដែលនាំឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជ្រើសរើសប្រទេសវៀតណាម ដែលជាប្រទេសទី១ ក្នុងតំបន់អាស៊ាន ដើម្បីធ្វើទស្សនកិច្ចក្រោយទទួលតំណែងជានាយករដ្ឋមន្ត្រី។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទធ្វើសន្និសីទសារព័ត៌មាននាព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការបញ្ចប់ទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម, លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ប្រទេសវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយកម្ពុជា និងមានទំហំពាណិជ្ជកម្មដ៏ធំមួយជាមួយគ្នា។ ខណៈក្រុមហ៊ុនអាកាសចរណ៍វៀតណាម VIETJET Group បានសម្រេចចិត្តហោះហើរត្រង់ពីទីក្រុងហាណូយ មកកាន់ទីក្រុងសៀមរាប ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា ប្រទេសវៀតណាម គឺជាទីផ្សារមួយដ៏ធំ ខណៈដែលកាលពីឆ្នាំ២០១៩ សហភាពអឺរ៉ុប បានខំស្កាត់មកពីឆ្ងាយ ដើម្បីចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរីជាមួយវៀតណាម ក៏ព្រោះតែវៀតណាមមានទីផ្សារធំ។ បើតាមការវាយតម្លៃរបស់អ្នកជំនាញ វៀតណាម អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច នយោបាយ និងយោធាតំបន់មួយប្រកែកមិនបាននោះឡើយ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ក៏បានរំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០២៣នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយថ្ងៃនេះនៅពេលដែលសម្តេចធិបតី និងគណៈប្រតិភូអញ្ជើញឡើងយន្តហោះវិលត្រឡប់មកកាន់កម្ពុជាវិញ សម្រាប់តែ លោក ស៉ី ជិនពីង ប្រធានាធិបតីចិន ក៏បានអញ្ជើញទៅដល់វៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋផងដែរ។ ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ថ្នាក់ដឹកនាំធំៗលើពិភពលោកនៅវៀតណាម ក៏ព្រោះតែមានវៀតណាម ជាប្រទេសមួយដែលមានទីផ្សារធំមួយក្នុងតំបន់ និងពិភពលោក។

លោក លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា៖ «មូលហេតុខាងលើនេះវាមិនអស់សេចក្តីនោះទេ ប៉ុន្តែ ប្រទេសធំៗក៏គេស្កាត់ទៅជួបថ្នាក់ដឹកនាំវៀតណាម ហើយមូលនេះមិនអស់សេចក្តីទេ តែគ្រប់គ្រាន់ គឺសុទ្ធសឹងតែជាមូលហេតុចម្បងដើម្បីពន្យល់ថា ហេតុអ្វីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចចិត្តជ្រើសរើសប្រទេសវៀតណាម ជាគោលដៅទស្សនកិច្ចទី១ បង្អស់នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០»។

សូមជម្រាបថា នៅព្រលប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ហោះត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការដ៏មមាញឹករយៈពេលពីរថ្ងៃនៅទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេសវៀតណាម គឺជាប្រទេសទី២ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយប្រទេសវៀតណាម គឺជាប្រទេសសមាជិកអាស៊ានទី១ ដែលសម្តេចធិបតី បានអញ្ជើញទស្សនកិច្ចផ្លូវការ។

ទស្សនកិច្ចនៅប្រទេសវៀតណាម មានគោលដៅចម្បងក្នុងការពង្រឹងពង្រីកចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានអាយុកាល៥៦ឆ្នាំហើយនោះ។ កាន់តែសំខាន់ទៀតនោះ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះ គឺជំរុញការធ្វើពាណិជ្ជកម្ម និងវិនិ យោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត គ្រាដែលទំហំពាណិជ្ជកម្មប្រទេសទាំង ពីរសម្រេចបាន ១១ពាន់លានដុល្លារអាមេរិករួចហើយនោះ៕