(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងរវាងយុវជនកម្ពុជា និងវៀតណាម គឺជាចំណែកមួយដ៏សំខាន់ដល់ការលើក​កម្ពស់ទំនាក់ទំនងកម្ពុជា និងវៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោក ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាធិការ​ទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម។

ក្នុងជំនួបនោះ លោក ប៊ូយ ក្វាងហ៊ុយ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមា​ញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម។ លោក ប៊ូយ ក្វាងហ៊ុយ ក៏បាន​សម្តែង​​​ការអបអរសាទរសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជា​ជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ លោក ប៊ូយ ក្វាងហ៊ុយ បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតី ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងបន្តរីក​ចម្រើន​រឹងមាំខ្លាំងបន្ថែមទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចែករំលែកនូវមតិយោបល់ល្អៗរបស់លោក ប៊ូយ ក្វាងហ៊ុយ ពាក់ព័ន្ធការងារយុវជននៅក្នុងប្រទេសវៀតណាម។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការ​ភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន គឺមានសារៈសំខាន់ណាស់ ដើម្បីជំរុញសកម្មភាពគ្រប់ផ្នែកឱ្យ​មាន​​កាន់តែច្រើនឡើង។ ជាពិសេសយុវជននៅក្នុងមជ្ឈដ្ឋានធុរកិច្ច ដែលទាំងនេះ គឺជាការរួមចំណែក​មិនអាច​ខ្វះ​បានដល់ការពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យរវាង​ប្រទេស​ទាំងពីរ៕