(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ដើម្បីត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៤ នាពេលខាងមុខ។

លោក សុខ លូ បានលើកឡើងថា ពិធីបុណ្យម្ហូបអាហារប្រពៃណីនេះ គឺត្រូវធ្វើយ៉ាងណារៀបចំឱ្យបានល្អព្រោះ វាជាចំណុចទាក់ទាញមួយដែលអាចទាក់
ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យចូលមកទស្សនា បានភ្លក់នូវរស់ជាតិរបស់ម្ហូបអាហារក្រោមស្នាដៃរបស់អ្នកខេត្តបាត់ដំបង ព្រមទាំងផ្ដល់ឱកាសដល់អាជីវករលក់នូវម្ហូបអាហារប្រចាំខ្លួន ដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយបន្ថែមទៀត។

លោកអភិបាលខេត្ត បានបន្តថា ចំពោះការរៀបចំស្តង់ម្ហូបអាហារ ត្រូវរៀបចំចាប់ចេញពីមុខសាលាខេត្តបាត់ដំបង ឆ្ពោះទៅកាន់វិមានឯករាជ្យ ហើយការរៀបចំនេះ ធ្វើយ៉ាងណាឱ្យមានលក្ខណៈស្រស់ស្អាត មានរបៀបរៀបរយ ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរ ងាយស្រួលក្នុងការដើរទស្សនា និងជាវម្ហូបអាហារនោះយកទៅពិសាផងដែរ។

លោក សុខ លូ បានបន្ថែមថា នៅក្នុងពិធីបុណ្យម្ហូបអាហារនេះមិនមែនមានតែតាំងលក់នូវមុខម្ហូបអាហារតែប៉ុណ្ណោះនោះទេ ក៏មានការដាក់តាំងនូវផលិតផលរបស់ខ្មែរផងដែរ ក្រោមប្រធានបទភូមិមួយ ផលិតផលមួយ ហើយអនុញ្ញាតឱ្យប្រជាជននៅតាមភូមិ ឃុំ ស្រុក អាចយកស្នាដៃផលិតផលរបស់ខ្លួន មកដាក់តាំងបង្ហាញដើម្បីលើកតម្កើងខេត្តបាត់ដំបង ឱ្យមានមុខមាត់ បង្ហាញនូវសក្ដានុពលរបស់ខេត្តបាត់ដំបង។

លោកបានលើកទឹកចិត្តដល់បងប្អូន ដែលរស់នៅក្នុងភូមិ ស្រុក ឃុំសង្កាត់ ក្រុង នៃខេត្តបាត់ដំបង អញ្ជើញចូលរួមឱ្យបានច្រើនកោះករក្នុងការបង្ហាញនូវមុខម្ហូបប្រចាំតំបន់ភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋនៅតាមតំបន់ផ្សេងៗនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបង បានស្គាល់រសជាតិម្ហូបអាហារដែលឆ្ងាញ់ពិសារផងដែរ៕