(ភ្នំពេញ)៖ ឆ្លើយនឹងការព្រួយបារម្ភរបស់វៀតណាម, រាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ដល់ភាគីវៀតណាម ពាក់ព័ន្ធនឹងគម្រោងសាងសង់ ព្រែកជីកហ្វូណន-តេជោ នាពេលខាងមុខ ដោយអះអាងថា គម្រោងនេះនឹងមិនប៉ះពាល់លើបរិស្ថានដងទន្លេមេគង្គនោះឡើយ។

នេះជាការបញ្ជាក់របស់ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តនោះអន្តរជាតិពោធិ៍ចិនតុង នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបង្ហាញលទ្ធផល នៃទស្សនកិច្ចផ្លូវការលើកដំបូងរយៈពេល២ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម។

ថ្លែងក្នុងសន្និសីទ ដោយឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន លោក តាន ហ្សង់ហ្វ្រង់ស្វ័រ បានបញ្ជាក់ដូច្នេះថា៖ «ដូចខ្ញុំបញ្ជាក់អម្បាញ់មិញច្បាស់ក្រឡែត គឺថាខាងវៀតណាម លោកគ្រាន់តែបារម្ភថា គម្រោងព្រែកជីកហ្វូណនតេជោ អាចនឹងអាចជះផលអវិជ្ជមានទៅលើដងទន្លេមេគង្គ ម៉្លោះហើយប្រទេសកម្ពុជា បានបង្ហាញនូវលទ្ធផលនៃការសិក្សាមួយចំនួន ដែលបញ្ជាក់ថា គ្មានឡើយផលប៉ះពាល់ទៅលើបរិស្ថាន»។

លោកបានពន្យល់ទៀតថា៖ «ម្ល៉ោះហើយ ដូចខ្ញុំបញ្ជាក់អម្បាញ់មិញ នេះគឺជាគម្រោងធំមួយរយៈពេលខ្លីខាងមុខ ដើម្បីអូសទាញកម្ពុជា ទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាបន្ត»។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ពាក់ព័ន្ធនឹងគម្រោងសាងសង់ «ព្រែកជីកហ្វូណនតេជោ» នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ រវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​​កម្ពុជា ជាមួយតំណាងក្រុមហ៊ុន​សា​ជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុននេះ សិក្សាលម្អិតលើគម្រោងនេះក្នុងរយៈពេល៨ខែ។ បន្ទាប់ពីសិក្សាចប់រយៈពេល ៨ខែនេះ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង៕