(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកសមាគមមិត្តភាពវៀតណាម-កម្ពុជា គឺជាចំណែកមួយដ៏សំខាន់ចូលរួមចំណែកដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។
សម្តេចធិបតី បានគូសរំលេចបែបនេះ ក្នុងជំនួបជាមួយលោកស្រី ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) និងសហការី នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។
ក្នុងជំនួបនោះ លោកស្រី ង្វៀន ធី ថាញ់ បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម។ លោកស្រី បានអបអរសាទរជូនចំពោះសម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោកស្រីប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានជម្រាបសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពការងាររបស់សមាគម ជាពិសេសការគាំទ្រដល់និស្សិតកម្ពុជា ដែលបានមកបន្តការសិក្សាក្នុងប្រទេសវៀតណាម។ លោកស្រី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើនរឹងមាំបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរបាយការណ៍ពាក់ព័ន្ធលទ្ធផលការងាររបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមការទូតប្រជាជន តាមរយៈសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ច និងវប្បធម៌, ការជំរុញទំនាក់ទំនងរវាងយុវជន ស្ត្រី និងធុរជន, ការធ្វើសកម្មភាពមនុស្សធម៌ និងការជួយឧបត្ថម្ភគ្នាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ជាដើម។
ទន្ទឹមគ្នានេះសម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីររយៈពេល៥៦ឆ្នាំកន្លងមកនេះ។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងកាយវិការនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈលំបាកដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»៕